ច្បាប់ហាមមិនឱ្យសមាជិកសភាមានតួនាទីច្រើនត្រូវបានអនុម័ត
ច្បាប់ដែលសំដៅហាមឃាត់សមាជិក សភាបារាំង-អឺរ៉ុប និង ព្រឹទ្ធសភា មិនឱ្យកាន់តំណែងក្នុងអំណាចប្រតិបត្តិតំបន់ ដូចជាមេឃុំ មេសុ្រក អភិបាល ឬអភិបាលរងខេត្តក្រុង (ក្នុងអាណត្តិ ជាសមាជិកសភានិងនៅព្រឹទ្ធសភា) ត្រូវបានសភាបារាំងអនុម័ត នៅថ្ងៃអង្គារម្សិលមិញ ក្នុងសំឡេង៣០០ទល់នឹង២២៨។ ច្បាប់នេះជាផ្នែកមួយនៃកិច្ចសន្យារបស់លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ (François Hollande) ក្នុងពេលឃោសនាបោះឆ្នោត ប៉ុន្តែជាប្រធានបទដ៏រសើបបំផុតមិនថាសម្រាប់សមាជិកសភានៃបក្សកាន់ អំណាច ឬបក្សប្រឆាំងទេ។
នៅទី បំផុតរដ្ឋាភិបាល បានសម្រេចបេសកកម្មដូចប្រាថ្នា ព្រោះ ច្បាប់ហាមមិនឱ្យមានតួនាទីពីរ (អំណាចសភាមួយនិងអំណាចប្រតិបត្តិប្រចាំតំបន់) ក្នុងអាណត្តិតែមួយនេះ បានទទួលសំឡេង គាំទ្រ ដាច់ខាត ៣០០ លើ២២៨សំឡេង។
កាលពីដំបូងឡើយ គម្រោងច្បាប់ បានទទួលការរិះគន់ និងមានការប្រទាញប្រទង់ខ្លាំង ទាំងក្នុងជួរបក្សសង្គមនិយម និងទាំងពីខាងបក្សប្រឆាំង។ សមាជិកសភាបក្សសង្គមនិយមខ្លះ មិនជឿជាក់លើច្បាប់នេះទេ ទោះបីជាច្បាប់នេះនឹងអាចផ្តើមអនុវត្ត ចាប់ពីឆ្នាំ២០១៧ឯណោះក៏ដោយ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានព្រមាន ឱ្យសមាជិកបក្សសង្គមនិយម ដែលជាគណបក្សកាន់អំណាចទាំងអស់មានស្មារតីទទួលខុសត្រូវ។ មិនត្រូវឱ្យមានលេចសភាពស្ទាក់ស្ទើរលើច្បាប់នេះទេ។ ច្បាប់នេះមាន តម្លៃជានិមិត្តរូបផង និងជានយោបាយផង ពីព្រោះវាគឺជាចំណែកមួយនៃកិច្ចរបស់លោកប្រធានាធិបតី ហ្វ្រង់ស័រហូឡង់ កាលនៅជាបេក្ខជនឈរឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា ច្បាប់នេះ សំដៅហាមឃាត់ សមាជិកសភា -ព្រឹទ្ធសភា បារាំង (ចាប់ពីឆ្នាំ២០១៧) និង សមាជិកសភាបារាំងនៅអឺរ៉ុប (ចាប់ពីឆ្នាំ២០១៩) នៅក្នុងអាណត្តិ គ្មានសិទ្ធិកាន់អំណាចធ្វើជាមេឃុំមេស្រុក ឬអភិបាល អភិបាលរងខេត្តក្រុង ទន្ទឹមពេលគ្នា ដូចពេលបច្ចុប្បន្ននេះទេ។ ហេតុផលសំខាន់មួយនៃការបង្កើតច្បាប់នេះឡើង គឺបណ្តាលមកពីសមាជិកសភា ព្រឹទ្ធសភា អវត្តមានច្រើនពេកក្នុងពេលប្រជុំ ដោយយកលេសថាជាប់រវល់គ្រប់គ្រងកិច្ចការតំបន់។
ប៉ុន្តែច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភានៅខែខាងមុខ ដើម្បីអនុម័ត មុននឹងបញ្ជូនត្រឡប់មកសភារកសំឡេងគាំទ្រដាច់ខាតម្តងទៀត ដើម្បីអនុម័តសម្រេចចុងក្រោយ រួចដាក់ឱ្យប្រើប្រាស់។ នៅក្នុងព្រឹទ្ធសភាសំឡេងប្រឆាំងក៏មានទំហំខ្លាំងក្លា តែគ្មានឧបសគ្គអ្វីធំមករាំងស្ទះទៀតទេ៕ដោយ អៀង សុខម៉ិញ (RFI)