រដ្ឋាភិបាលអូស្ត្រាលីផ្តល់ជំនួយសម្រាប់ពង្រឹងផ្នែកពាណិជ្ជកម្មរវាងអូស្ត្រាលីនិងអាស៊ី
រដ្ឋាភិបាលនឹងផ្តល់ថវិកា ៣៥លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំ ដល់មជ្ឈមណ្ឌលជាតិសម្រាប់សមត្ថ ភាពធ្វើការជាមួយអាស៊ី (National Centre for Asia Capability)។
មជ្ឈមណ្ឌលនេះ រួមដំណើរការដោយ សកលវិទ្យាល័យទីក្រុងមែលប៊ិន (Melbbourne) និងសកលវិទ្យាល័យរដ្ឋញូវសៅធ៍វែលស៍ (New South Wales) ក្នុងគោលដៅប្រមូលផ្តុំអ្នកជំនាញមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនពាណិជ្ជកម្ម និងសកលវិទ្យាល័យផ្សេងៗ ក៏ដូចជាកម្មវិធីបង្រៀន ដើម្បីជួយដល់កន្លែងធ្វើការអូស្ត្រាលី ត្រៀមខ្លួនសម្រាប់គោលនយោបាយទំនាក់ទំនងជាមួយអាស៊ីហៅថា “សតវត្សរ៍អាស៊ី”។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Richard Marles ប្រកាសថា នេះគឺជា គម្រោងតម្លៃ ៦០លានដុល្លារ ដែលក្នុងនោះ រដ្ឋាភិបាលអូស្ត្រាលី កំពុងផ្តល់ជំនួយថវិកាចំនួន ៣៥លានដុល្លារ។
លោក Richard Marles មានប្រសាសន៍ថា មូលដ្ឋានគ្រឹះនៃគម្រោងនេះ គឺការព្យាយាម និងធ្វើឲ្យអូស្ត្រាលីមានសមត្ថភាពប្រសើរក្នុងការធ្វើការជាមួយ អាស៊ី ហើយផ្នែកមួយនោះគឺភាសា។
លោកបានបន្ថែមថា យ៉ាងណាក៏ដោយគម្រោងនេះមិនត្រឹមតែរឿងភាសានោះទេ ប៉ុន្តែគឺការប្រឹងប្រែងដើម្បីទំនុកចិត្តថា អ្នកដែលធ្វើជំនួញជាមួយអាស៊ី មានការយល់ដឹងបានប្រសើរ អំពីវប្បធម៌ដែលពួកគេធ្វើការជាមួយ៕ (Radio Australia)