តុលាការ​ មិន​ទាន់​សម្រេច​លើ​បណ្តឹង​ប្រឆាំង​នាយក​រដ្ឋ​មន្ត្រី​ នៅឡើយ​ទេ ​

Cambodia News

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​​ទី០១ ខែកក្កដា នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ លើ​បណ្តឹង​របស់​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ  បន្ទាប់ពី​ស្តាប់​ការបកស្រាយ​របស់​លោក លើ​បណ្ដឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​។​

លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ។
លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ។

កាលពី​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ លោក សួង សុភ័ណ្ឌ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​នាយករដ្ឋមន្ត្រី ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ជា​​អ្នកផ្តើមគំនិត​រួម​ដៃ​ជាមួយ​បក្សពួក​របស់​ខ្លួន បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​។​

​ព្រឹក​ថ្ងៃ​ចន្ទ ​ព្រះរាជអាជ្ញារ​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី សឿ វ​ន្នី ​បាន​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ដឹង​ថា ​ ភ្លាមៗ​បន្ទាប់ពី​ស្តាប់ ​លោក សួង សុភ័ណ្ឌ ​ថា តុលាការ​មិនទាន់​សម្រេច​​យ៉ាងណា​នៅឡើយ​ទេ​។

​បន្ទាប់​ពី​ចូល​បកស្រាយ​បណ្តឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចមក លោក​ សួង សុភ័ណ្ឌ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅ​តុលាការ​ ថា លោក​បាន​បង្ហាញ​ភស្តុតាង ដូច​ជា​សំឡេង​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៩០ និង​ជន​វៀតណាម​១០​នាក់ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យមាន​អត្តស​ញ្ញាណ​ប័ណ្ណ​ជា​ជនជាតិខ្មែរ​។ ​

គួរបញ្ជាក់​ថា ការប្តឹង​របស់ លោក សួង សុភ័ណ្ឌ ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី បាន​ច្រាន​ចោល​របាយការណ៍ និង​ការលើកឡើង​មួយចំនួន​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដែល​អះអាង​ថា ជន​ជាតិ​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ជាង​៤​លាន​នាក់​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ជនជាតិ​វៀតណាម​នៅ​កម្ពុជា មាន​​ចំនួន​តែ​ជាង​១០​ម៉ឺន​នាក់​តែប៉ុណ្ណោះ​៕​

Related Articles

Back to top button
Close
Close