អំពើហិង្សាផ្ទុះជាថ្មី នៅខេត្តស៊ីនជាំង
នៅក្នុង ព្រឹត្តិការណ៍ប្រយុទ្ធគ្នា រវាងប៉ូលិស និងក្រុមជនប្រដាប់អាវុធអុយហ្គួរ ដែលបានកើតឡើង កាលពីថ្ងៃពុធ ទី ២៦ មិថុនា នៅក្នុងខេត្តស៊ីនជាំង សារព័ត៌មានចិន ទើបបង្ហាញពី តួលេខមនុស្សស្លាប់ ដែលបានឡើង ពី២៧ នាក់ ទៅ ៣៥នាក់។ នៅក្រោយព្រឹត្តិការណ៍វាយប្រហារគ្នាដ៏ហិង្សា រវាងជនជាតិអ៊ុយហ្គួរ និងជនជាតិហាន ដែលបានសម្លាប់មនុស្សប្រមាណ ២០០នាក់ កាលពីឆ្នាំ ២០០៩ នេះជាលើកទីមួយ ដែលការវាយប្រហាររបស់ជនជាតិអ៊ុយហ្គួរ បានបង្កឲ្យមានអ្នកស្លាប់ច្រើន។
តាម ប្រភពប៉ូលិសចិន កាលពីថ្ងៃពុធ ជនជាតិអ៊ុយហ្គួរមួយក្រុម ដែលប្រដាប់ដោយកាំបិត បានវាយសម្រុកចូលទីស្នាក់ការប៉ូលិស និងការិយាល័យថ្នាក់មូលដ្ឋាន។ ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់នៅក្នុងព្រឹត្តិការណ៍សម្លាប់បង្ហូរឈាម គេឃើញមានជនដៃដល់ ជាតិអ៊ុយហ្គួរ ១១នាក់ និងប៉ូលិស ប្រជាជនអ៊ុយ ហ្គួរ និងកម្មករជនជាតិហាន២៤នាក់ផ្សេងទៀត។
កាសែតចិន Global times បានហៅពួកក្រុមប្រដាប់អាវុធថា ជាភេរវករ ព្រោះពួកគេបានប្រើកាំបិតចាក់សម្លាប់តែប៉ូលិស និងប្រជាជនហាន។ បើទោះជាគេមិនទាន់ដឹងពីមូលហេតុជាផ្លូវការ ដែលធ្វើឲ្យជនជាតិអ៊ុយហ្គួរទាំងនោះបើកការវាយប្រហារទៅលើក្រុមប៉ូលិស ចិន ប៉ុន្តែ អ្នកនាំពាក្យរបស់សមាជជាតិអ៊ុយហ្គួរ ដែលនិរទេសខ្លួន នៅបរទេស បានអះអាងថា ការញុះញង់ និងការបង្រ្កាបមិនឈប់ឈរពីសំណាក់អាជ្ញាធរចិន គឺមូលហេតុដែលជំរុញឲ្យជនជាតិអ៊ុយហ្គួរប្រើអាវុធវាយប្រហារប៉ូលិស កាលពីថ្ងៃពុធ។
ប្រជាជនអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម ដែលតំណាងឲ្យប្រជាជនភាគច្រើន នៅខេត្តស៊ីនជាំង បានតវ៉ាប្រឆាំង រហូតមក នឹងនយោបាយគាបសង្កត់របស់រដ្ឋាភិបាលចិន ដែលគេចាត់ទុកថា បានប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសាសនា ប្រជាជនអ៊ុយហ្គួរ។
ចាប់តាំងពីមានអំពើហិង្សា ឆ្នាំ២០០៩ ខេត្តស៊ីនជាំង ឧស្សាហ៍ជួបប្រទះនឹងអំពើហិង្សា ដែលរដ្ឋាភិបាលចិនបានចាត់ទុកថា ជាស្នាដៃរបស់ក្រុមភេរវជន។ គ្រាន់តែក្នុងឆ្នាំមុន ចំនួនពាក់កណ្តាលនៃសវនាការ ដែលជំនុំជម្រះលើករណីប៉ះពាល់សន្តិសុខរដ្ឋចិន ត្រូវបានបើកធ្វើឡើង នៅខេត្តស៊ីនជាំង៕ដោយ ឈាង បុប្ផា (RFI)