សាលាឧទ្ធរណ៍ បន្តឃុំខ្លួន ដេវិដ ឆាណាយវា
Cambodia News
ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣នេះ បានប្រកាសសាលដីកាតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ បដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់អតីតមេធាវី ដេវិដ ឆាណាយវា ក្នុងសំណុំរឿងវាយអ្នកកាសែត។
ទោះបីជាយ៉ាងណា ក្នុងសំណុំរឿងដដែលនេះ នៅថ្ងៃទី២៧ ខែមិថុនា សាលាដំបូង រាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលោក ដេវិដ ឆាណាយវា ថាតើពិតជាបានវាយអ្នកកាសែតមែនដែរឬទេ? ខណៈដែលព្រះរាជអាជ្ញាស្នើទម្លាក់ការចោទប្រកាន់លើលោក ដេវិដ ឆាណាយវា ព្រមទាំងជនរងគ្រោះបានដកពាក្យបណ្តឹងទាំងអស់គ្នា។
ក្នុងសវនាការ លោក ដេវិដ ឆាណាយវា បានថ្លែងថា មូលហេតុដែលខ្លួនសុំនៅក្រៅឃុំនេះ ដោយសារតែខ្លួនមានមុខរបរច្បាស់លាស់ មានទីលំនៅច្បាស់លាស់ និងព្រមចូលខ្លួន តាមការកោះហៅរបស់តុលាការគ្រប់ពេល ព្រមទាំងដាក់ប្រាក់តម្កល់ចំនួន២០លានរៀល សម្រាប់ធានាសំណងដល់ជនរងគ្រោះ។
ក្រោយសួរដេញដោល សាលាឧទ្ធរណ៍បានលើកពេលប្រកាសទៅថ្ងៃទី២៦ ខែមិថុនា លុះដល់ថ្ងៃកំណត់ សាលាឧទ្ធរណ៍បានបន្តឃុំខ្លួនលោក ដេវិដ ឆាណាយវា ក្នុងពន្ធនាគារ រហូតដល់ការសម្រេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ៕