បណ្ណាល័យមេគង្គ-ឡានឆាង ទី២ ទទួលបានការចាប់អារម្មណ៍ពីមូលនិធិចិនចំនួន២
Cambodia News
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ តំណាង មូលនិធិ ចិន Peaceland និងមូលនិធិចិនដេីម្បីអភិវឌ្ឍជនបទ បានអញ្ជើញទស្សនកិច្ចបណ្ណាល័យមេគង្គ-ឡានឆាង ទី២ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីឈ្វេងយល់ពីដំណើរការអភិវឌ្ឍវិស័យអំណាន និងការលើកកម្ពស់បរិយាកាសសិក្សាសម្រាប់សិស្សានុសិស្សនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ លោក Liu Wenzhi តំណាង មូលនិធិ ចិន Peaceland និង លោក Zhang Shenyue តំណាង មូលនិធិ ចិន ដើម្បី អភិវឌ្ឍ ជនបទ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ កម្មវិធីទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការគាំទ្រដល់វិស័យអប់រំ និងវប្បធម៌អំណាននៅតំបន់ជនបទ។ ជាមួយគ្នានេះ តាមរយៈឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទេីបមូលនិធិ ចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានផ្តល់អំណោយសម្ភាកីឡាចំនួន៧ឈុតជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ។
ក្នុងនាមប្រជាជនស្រុកស្អាង និយាយ រួម សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង លោក សេន ស៊ុបផាអ៉ី អភិបាលរងស្រុកស្អាង បានមានប្រសាសន៍ថា ក្រោមជំនួយពីមជ្ឈមណ្ឌលបោះពុម្ពផ្សាយសៀវភៅអន្តរជាតិរបស់ប្រទេសចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទេីបបណ្ណាល័យមេគង្គ-ឡានឆាង ទី២ ត្រូវបានកសាងឡេីងក្នុងគោលបំណងបង្កើតបរិយាកាសអំណានដ៏ទាក់ទាញ សម្រួលដល់ការសិក្សាស្រាវជ្រាវ និងជំរុញទម្លាប់អានសៀវភៅក្នុងចំណោមកុមារ និងយុវជន។ តាមរយៈការកែលម្អសោភណភាពបណ្ណាល័យ និងការបំពាក់សម្ភារៈអំណាន បណ្ណាល័យនេះកំពុងក្លាយជាកន្លែងសិក្សាមួយដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្សក្នុងសហគមន៍។
ឯកឧត្តម ឡាវ វ៉ាន់ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ស្ថានទូតចិន ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍបណ្ណាល័យនៅមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ និងអំណាន គឺជាការវិនិយោគលើអនាគតធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ទស្សនកិច្ចរបស់មូលនិធិចិនទាំងពីរពេញមួយព្រឹកនេះ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ជាពិសេសក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបន្តផ្តោតលើការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕



