ឆ្នាំមុននេះ ពលរដ្ឋអូស្ត្រាលីរងការចាញ់បោកអស់ប្រាក់សរុបចំនួន ៩៣លានដុល្លារ
ទីភ្នាក់ងារ ឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់អូស្ត្រាលីបានឲ្យដឹងថា ពលរដ្ឋអូស្ត្រាលីបានទទួលរងការបោកបន្លំអស់ទឹកប្រាក់សរុបចំនួន ៩៣លានដុល្លារកាលពីឆ្នាំមុន។
អ្នកស្រី Amy Bainbridge អ្នករាយការណ៍ព័ត៌មានទទួលបន្ទុកកិច្ចការអតិថិជន រាយការណ៍មកថា នៅក្នុងរបាយការណ៍ស្ដីពីគោលដៅនៃការបោកបន្លំដែលនឹងចេញនៅថ្ងៃនេះ ទីភ្នាក់ងារឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់អូស្ត្រាលីនិយាយថា ទីភ្នាក់ងារនេះបានទទួលការរាយការណ៍ជិត ៨ម៉ឺន៤ពាន់ករណី ពីពលរដ្ឋដែលបានចាញ់ការបោកបន្លំយកប្រាក់កាលពីឆ្នាំមុន។
ទីភ្នាក់ងារនេះបានឲ្យដឹងថា មានតួលេខកើនឡើង ៦៥%ស្ដីពីការបោកបន្លំតាមរយៈការទិញទំនិញតាមប្រព័ន្ធអ៊ិនធើរណិត។
លោកស្រី Delia Rickard អនុប្រធានទីភ្នាក់ងារឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់អូស្ត្រាលី មានប្រសាសន៍ថា ទម្រង់ដែលមានច្រើនជាងគេនៅក្នុងការបោកបន្លំប្រាក់នេះ គឺនៅតែជាការបោកប្រាស់យកថ្លៃមុនដដែល។
លោកអ្នកអាចនឹង ទទួលបាននូវសារជាអ៊ីម៉ែលមួយ ពីមនុស្សដែលលោកអ្នកមិនស្គាល់ ថា លោក អ្នកបានទទួលមរតកចំនួន មួយលានដុល្លារពី សាច់ញាតិមួយរូបនៅសហរដ្ឋអាម៉េរិក តែលោកអ្នកត្រូវបង់ថ្លៃមុនដើម្បីរត់ការទទួលមរតកនេះ។
របាយការណ៍ របស់ទីភ្នាក់ងារឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់អូស្ត្រាលី ធ្វើឡើងស្រប់នឹងការចាប់ផ្ដើមនៃសប្ដាហ៍ជាតិប្រឆាំងនឹងការបោក ប្រាស់អ្នកប្រើប្រាស់៕ (Radio Australia)