ព្រះអង្គម្ចាស់ធម្មិកោត្រូវអង្គភាពប្រឆាំងអំពើពុករលួយព្រមាន
Cambodia News
ភ្នំពេញ ៖ ឆ្នាំ២០១៣នេះ មន្ត្រីរាជការព្រះបរមរាជវាំង ដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចំនួន១៤៩ អង្គ/នាក់ ហើយមន្ត្រីរាជការព្រះបរមរាជវាំងចំនួន១៤៨អង្គ/នាក់ បានបំពេញកាតព្វកិច្ចនេះ ប្រកបដោយព្រះគំរូ និងគំរូដ៏ខ្ពង់ខ្ពស់ ធ្វើឱ្យសាធារណមតិ កោតស្ញើចសរសើរយ៉ាងក្រៃលែង។
ដោយឡែកតែព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មួយអង្គគត់ដែលមិនព្រមធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ទោះបីក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រះបរមរាជវាំង បានថ្វាយដំណឹងជាលាយលក្ខណ៍អក្សរចំនួន ០២លើក ទៅព្រះអង្គរួចហើយក្តី។
អង្គភាពប្រឆាំងអំពើពុករលួយ សូមព្រមានដល់ព្រះអង្គម្ចាស់ ធម្មិកោ ក្នុងការរឹងរូសមិនព្រមធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយក្នុងរយៈពេលមួយសប្តាហ៍រាប់ចាប់ពីថ្ងៃចេញលិខិតព្រមាននេះ ដោយមិនគិតពីថ្ងៃឈប់សំរាក ថ្ងៃបុណ្យ បើព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មិនព្រមយកលិខិតប្រកាសទ្រព្យសម្បត្តិ និងបំណុល មកដល់អង្គភាពប្រឆាំងអំពើពុករលួយទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងកសាងបែបបទបញ្ជូនករណីនេះ ទៅតុលាការដោយគ្មានបង្អង់ដៃ។
អង្គភាពប្រឆាំងអំពើពុករលួយ សូមទូលរំលឹកព្រះអង្គម្ចាស់ធម្មិកោ ព្រះមេត្តាជ្រាបថា បទមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល និងការប្រកាសទ្រព្យសម្បត្តិ និងបំណុល មិនត្រឹមត្រូវ ត្រូវផ្តន្ទាទោស តាមមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយត្រូវជាប់ពន្ធនាគារ មួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀល ទៅពីរលានរៀល ហើយត្រូវបានបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ទៀត ហើយបើរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវផ្តន្ទាទោសទ្វេដង៕