កូរ៉េខាងជើង​បាន​បញ្ជាក់​ជាថ្មី​អំពី​ស្ថានភាព​សង្រ្គាម​ជាមួយ​កូរ៉េខាងត្បូង

កូរ៉េខាងជើង​បន្ត​ប្រើ​សម្តី​ ទ្រគោះបោះបោក​ជាមួយ​កូរ៉េខាងត្បូង។ នៅ​ថ្ងៃ​សៅរ៍ ទី៣០ មីនា​នេះ ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម​ជាមួយ​ទីក្រុង​ សេអ៊ូល។ ការ​គំរាមកំហែង​ថ្មី​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់​ទុក​ថា ប្រាកដប្រជា តែ​កូរ៉េខាងត្បូង​មិន​បាន​ចាត់​ទុក​ថា ជា​រឿង​ធំ​ដុំ​នោះ​ទេ។

« ចាប់ ​ពី​ពេល​នេះ​ត​ទៅ ទំនាក់ទំនង​រវាង​កូរ៉េ​ទំាង​ពីរ​គឺ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម ហើយ​រាល់​គ្រប់​បញ្ហា​រវាង​កូរ៉េ​ទំាង​ពីរ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​អនុលោម​ តាម​ពិធីសារ​ក្នុង​សម័យ​សង្រ្គាម » នេះ​ជា​សេចក្តីថ្លែង​របស់​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​នៅ​ក្នុង​ សេចក្តី​ជូនដំណឹង​មួយ​ចែក​ចាយ​ឲ្យ​គ្រប់​ស្ថានប័ន​ទំាង​អស់​នៅ​ក្នុង​ ប្រទេស។ សេចក្តីជូន​ដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ទីភ្នាក់ងារ​ផ្លូវការ​ កូរ៉េខាងជើង​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ច្បាស់ៗ​ថា ចប់​ហើយ​ការ​ស្រមើស្រមៃ​ដែល​បាន​ព្រាង​ទុក​តំាង​ពី​យូរយារ​ដែល​ថា​កូរ៉េ​ ទំាង​ពីរ​នឹង​អាច​រួមសុខ រួមទុក្ខ​ដោយ​សន្តិភាព​ជាមួយ​គ្នា​នោះ។

តាម​ពិត​ទៅ ការ​គំរាមកំហែង​ថ្មី​របស់​កូរ៉េខាងជើង​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​ការ​បន្ថែម​ លើ​ការ​គំរាមកំហែង​ដែល​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​នា​ប៉ុន្មាន​ សប្តាហ៍​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ប្លែក និង​ភ្ញាក់ផ្អើល​នោះ​ទេ។ តែ​ជា​ការ​កត់សម្គាល់ រាល់​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​តែង​តែ​បាន​ទទួល​ការ​ព្រមាន​ទុក​ជា​ មុន​ពី​សំណាក់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។ អាមេរិក​ដែល​បាន​ចាត់​ទុក​ការ​គំរាមកំហែង​ថ្មី​របស់​កូរ៉េខាងជើង​លើក​នេះ​ថា ប្រាកដប្រជា និង​ថា អាមេរិក​បាន​ត្រៀមខ្លួន​ជាប់​ជា​ប្រចំា​ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​ ដើម្បី​វាយបក​វិញ​នៅ​ក្នុង​ករណី​ចំាបាច់។

សូម​រម្លឹក​ឡើង​វិញ​បន្តិច​ថា ពិត​មែន​តែ​សង្រ្គាម​កូរ៉េ​បាន​បិទបញ្ចប់​តំាង​ពី ៦០ឆ្នំា​ក៏​ដោយ​ក្តី ក៏​ជា​លក្ខណៈ​បច្ចេកទេស បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​សង្រ្គាម​រវាង​គ្នា​ ដដែល ព្រោះ​ថា ភាគី​ទំាង​ពីរ​នៅ​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​នៅ​ឡើយ​ទេ ពោល​គឺ​មាន​តែ​យុទ្ធ សន្តិភាព​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា។ ថ្មីៗ​នេះ​ទៀត និង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធ្វើ​សមយុទ្ធ​រវាង​ទាហាន​កូរ៉េខាងត្បូង និង​អាមេរិក កូរ៉េខាងជើង​បាន​ប្រកាស​ព្រមាន​លប់​ចោល​យុទ្ធសន្តិភាព និង​រាល់​សន្ធិសញ្ញា​សន្តិភាព​ទំាង​អស់​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកឯកទេស​បាន​បញ្ជាក់​ថា គ្រប់​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​គ្រាន់​តែ​ជា​ការ​បំភ្លៃវោហោរ​ដែល​ គ្មាន​មូលដ្ឋាន​ជាក់​ច្បាស់​អ្វី​ទេ។ រីឯ​កូរ៉េខាងត្បូង​ក៏​មិន​បាន​ចាត់​ទុក​ថា ជា​រឿង​ធំ​ដុំ​ដែរ។ តែ​ក្រសួង​ការពារជាតិ​កូរ៉េខាង ត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ទាហាន​របស់​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើ​ការ​វាយបក​ វិញ​នៅ​ក្នុង​ករណី​ណា​ដែល​មាន​ការ​វាយប្រហារ​ពី​ទាហាន​កូរ៉េខាងជើង​នោះ។ តែ​ក្នុង​ខណៈ​នេះ ទីក្រុង​សេអ៊ូល​បាន​បញ្ជាក់​ថា គេ​នៅ​មិន​ឃើញ​មាន​ចលនា​ចល័ត​ទ័ព​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នៅ​តាម​ព្រំដែន​ នោះ​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close