អឺរ៉ុបមានបញ្ហាប្រើសាច់សត្វសេះលាយជាមួយសាច់គោលក់
រឿងអាស្រូវជុំវិញការប្រើប្រាស់ សាច់សត្វ សេះធ្វើម្ហូបនៅអឺរ៉ុប បានរីករាលដាលកាន់តែធំ ដោយក្នុងនោះមានប្រទេសចំនួន១៦ ឥឡូវត្រូវគេរកឃើញថាមានការពាក់ព័ន្ធនឹងការប្រើសាច់សេះដើម្បី យកទៅលាយជាមួយសាច់គោ ហើយដាក់ផ្លាកលក់ថា ជាសាច់គោ។
រដ្ឋមន្រ្ដី ពីរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធនៅក្នុង រឿងនេះ បានជួបប្រជុំនៅក្នុងខណៈពេលដែលព័ត៌មានលម្អិតថ្មីៗទៀតបានផុសចេញ ឡើងជុំវិញប្រភពនៃការប្រើសាច់សេះយកទៅលាយជាមួយសាច់គោ។
បណ្ដា អ្នកស៊ើបអង្កេតបារាំងជឿជាក់ថា សាច់សេះនេះចេញប្រភពមកពីប្រទេសរ៉ូម៉ានីតាមរយៈឈ្មួញពាណិជ្ជកម្ម ពីប្រទេសស៊ីព័រ និងប្រទេសហូឡង់។
ការរកឃើញនេះ បានធ្វើឲ្យមន្រ្ដីរ៉ូម៉ានីមានការខឹងក្រោធ ដោយពួកគេបានបដិសេធចំពោះការចោទប្រកាន់ក្លែងបន្លំទាំងនេះ។ ការព្រមានជាច្រើនអំពីផលិតផលនេះត្រូវគេធ្វើឡើងនៅក្នុងប្រទេស ទាំង១៦នេះ។
រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា អាចមានការចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងជនដែលមានការ ពាក់ព័ន្ធ ប៉ុន្ដែក៏បានផ្ដល់ការធានាផងដែរដល់បណ្ដាអតិថិជនថា រាល់ផលិតផលទាំងអស់ដែលមានលក់នៅលើទីផ្សារ គឺមានសុវត្ថិភាពអាចទទួលទានបាន៕ (Radio Australia)