ឧស្សាហកម្ម​លូតលាស់​របស់​មហាអំណាច​អាស៊ី​ជាអ្នក​បង្កើន​​ឧស្ម័ន​ផ្ទះកញ្ចក់​

នៅក្នុងពេលដែលសន្និសីទប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកំពុងប្រព្រឹត្តទៅ នៅទីក្រុងដូហា ប្រទេសកាតា អង្គការ តាមដានពីផលប៉ះពាល់អាកាសធាតុបានបញ្ចេញរបាយការណ៍ ដែលចង្អុល ទម្លាក់កំហុសដាក់ប្រទេសចិន និងឥណ្ឌា។ ឧស្សាហកម្មរីកចម្រើនខ្លាំងរបស់ប្រទេសមហាយក្សអាស៊ីទាំងពីរបានផ្តល់ផល ប៉ះពាល់ខ្លាំងដល់អាកាសធាតុដោយវាបាន ចូលរួមចំណែកធ្វើឲ្យឧស្ម័នផ្ទះកញ្ចក់កើនឡើងដល់ ៣,១ភាគរយ ក្នុងឆ្នាំ២០១១កន្លងទៅ។

នៅឆ្នាំ ២០១២នេះ ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយរោងចក្រឧស្សាហកម្មមានកម្រិត ២,៦ភាគរយ។ ជាសរុប នៅក្នុង ពិភពលោក ឧស្ម័នផ្ទះកញ្ចក់សម្រាប់ឆ្នាំ នេះ មានទំហំ ៣៥ពាន់ ៦រយលានតោន។ បើសិន ចំនួនឧស្ម័នពុល នៅតែបន្តកើន ឡើងក្នុងកម្រិតសព្វថ្ងៃនេះ នោះសីតុណ្ហភាពជាមធ្យមរបស់ភពផែនដីនឹងអាចកើនឡើងពី៤ទៅ ៦អង្សារ នៅចុង សតវត្សរ៍ ទី ២១នេះ។ កំដៅផែនដីកើនឡើង នឹងបង្កឲ្យមានគ្រោះធម្មជាតិ ដូចជាទឹកជំនន់ ការកើនឡើងនៃកម្រិតកំពស់ទឹកសមុទ្រ និងទឹកជំនន់ជាដើម។ អ្នកសិក្សាស្រាវជ្រាវរបស់គម្រោងឧស្ម័នពិភពលោក បានទាញសញ្ញាប្រកាសអាកាសអាសន្នបែប នេះនៅក្នុងរបាយការណ៍មួយដែលគេបានចែកផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងអង្គសន្និសីទនៅក្នុងទីក្រុងដូហា។

ក្រុមអ្នកស្រាវជ្រាវខាងលើបានអះអាងថា គេអាចប៉ាន់ស្មានពីការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងពិភពលោកដោយគេ សង្កេតមើលទៅលើស្ថានភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនដូចជាចិននិងឥណ្ឌាជាដើម។ ប្រទេសមហាយក្ស អាស៊ីទាំងពីរបានប្រើប្រាស់ធ្យូងថ្មច្រើនជាងគេ ដើម្បីធ្វើជាប្រភពថាមពលឧស្សាហកម្ម។

បើតាមអ្នកជំនាញដើម្បីជំរុញឧស្សាហកម្មឲ្យរីកចម្រើនលឿនឆាប់ប្រទេសទើបរីកលូតលាស់ថ្មីពេញនិយមប្រើធ្យូងថ្មដែល បញ្ចេញឧស្ម័នពុលកាបូនិចច្រើន ប៉ុន្តែប្រទេសទាំងនោះមិនសូវប្រើប្រភពថាមពលថ្មីដែលល្អសម្រាប់បរិស្ថានដូចជា កង្ហាល់ ខ្យល់ ផ្ទាំងស្រូបកំដៅព្រះអាទិត្យ ឬថាមពលនុយដើរដោយនុយក្លេអ៊ែរ។

នៅឆ្នាំ ២០១១ ប្រទេសកំពុងអភិវឌ្ឍទទួលខុសត្រូវក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រមាណ ៥៨ភាគរយ គឺកើនឡើងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ ១៩៩០ ដែលមានត្រឹមប្រមាណ ៣៥ភាគរយប៉ុណ្ណោះ។ ចិនតែម្នាក់ឯង ដែលមានឧស្សាហកម្មរីក ចម្រើនមិនឈប់ បានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ២៨ភាគរយ ក្នុងចំណោមចំនួនសរុបក្នុងពិភពលោក។ បន្ទាប់មក ទៀត គឺអាមេរិកជាប្រទេសទីពីរ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ ក្នុងពិភពលោក៕ (RFI)

Related Articles

Back to top button
Close
Close