ទណ្ឌិត ៤១២នាក់ត្រូវបានព្រះរាជប្រទានការលើកលែងទោស និងដោះលែងឲ្យមានសេរីភាព
ភ្នំពេញ៖ ផ្សែងខ្មៅខ្មួលខ្មាញ់បានផុសឡើងនៅ ជុំវិញព្រះបរមមេរុ ហោះហើរទៅលើវេហាស៍ នៅពេលដែលស្នូរកាំជ្រួចនិងកាំភ្លើងធំ លាន់កងរំពង និងសំឡេងទ្រហោយំក៏លាន់ឮយ៉ាងទ្រហឹងអឺងកងបង្ហាញ នូវភាពសោកស្តាយ និងអាឡោះអាល័យដល់ព្រះបរមសព ព្រះបរមរតនកោដ្ឋ។
នៅ វេលាម៉ោង៦:៣៥នាទី ថ្ងៃទី០៤ កុម្ភៈពិធីថ្វាយព្រះភ្លើងបានប្រារព្ធថ្វាយដោយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ហើយបន្ទាប់មកទណ្ឌិតចំនួន៤១២នាក់ ក៏បានរំកិល ខ្លួនចូលមកដើម្បីស្តាប់ព្រះរាជបន្ទូលរបស់ព្រះអង្គ មុនត្រូវបានព្រះរាជប្រទានការលើកលែងទោស និងដោះលែងឲ្យមានសេរីភាពទៅជួបជុំគ្រួសារវិញ។
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៅកាន់ទណ្ឌិតដែលពាក់អាវយឺតពណ៌ស មានព្រះឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ដែលជាព្រះបិតាជាទីគោរពសក្ការៈ ក្សត្រទ្រង់មានព្រះកន្សែងផងនោះថា៖ «ចាប់ពីពេលនេះទៅ លោក លោកស្រី បងប្អូន មានសេរីភាពពេញលេញវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ញាតិមិត្តឯស្រុកកំណើតបងប្អូនវិញ។ សូមលោក លោកស្រី ទាំងអស់ បងប្អូនគ្រប់រូប ខិតខំអប់រំ កាយ វាចា ចិត្ត ស្ថិតក្នុងសេចក្តីស្ងប់ និងសេចក្តីថ្លៃថ្នូរ សេចក្តីចម្រើនឲ្យក្លាយទៅជាពលរដ្ឋដ៏ល្អ»៕