ព្រះរាជកម្មវិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ ថ្ងៃទីប្រាំមួយ
ភ្នំពេញ៖ ថ្ងៃទី៦ នៃព្រះរាជកម្មវិធីបុណ្យ ព្រះបរមសព ព្រះបរមរតនកោដ្ឋ គឺនៅថ្ងៃពុធ ១១រោច ខែបុស្ស ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ ជាព្រះរាជពិធីដង្ហែព្រះបរមធាតុ ព្រះបរមរតនកោដ្ឋ ទៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។
តាមព្រះរាជកម្មវិធី ដែលបានគ្រោងទុក៖
– ម៉ោង ១០: វេភត្តាហារប្រគេនព្រះសង្ឃ ៣២ អង្គ ដែលចម្រើនព្រះបរិត្តពីល្ងាច។ ( មានតែមន្ត្រីរាជការ ក្រសួងព្រះបរមរាជវាំង ចាត់ចែងកិច្ចការ)។
-ម៉ោង ១៦: សម្តេចអគ្គមហាធម្មពោធិសាល សម្តេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្តេចចៅហ្វាវាំង និងលោកជំទាវ ព្រះរាជវង្សានុវង្ស ចៅជិត ចៅចម ជំទាវ ខុនណាង យាងនិងអញ្ជើញស្តាប់ព្រះធម៌ទេសនា នៅទីលានព្រះមេរុ។
– ម៉ោង ១៧: ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងដល់ (កងកិត្តិយស និងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច)។
-ព្រះធម្មកថិក ៣ អង្គ ទេសនាសង្គាយនា អានត្រៃ ៤ អង្គ ហត្ថបាស ៩០ អង្គ នៅក្នុងព្រះពន្លាខាងត្បូង។
– ក្រោយចប់ព្រះរាជពិធី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តវិញ (កងកិត្តិយស និងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច)។
គ្រឿងទ្រង់ សម្លៀកបំពាក់ : ដូចថ្ងៃទីប្រាំ
-ម៉ោង ១៨ និង ៣០ នាទី: អុជប្រទីបជ្វាលា នៅព្រះមេរុ និងបរិវេណជុំវិញ។
-ម៉ោង ២០: អុជកាំជ្រូច ភ្ញីទៀន។
ព្រះរាជ ពិធីដង្ហែព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ ចេញពីព្រះមេរុ ទៅព្រះវិហារព្រះកែវមរកត នឹងប្រារព្ធឡើង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ រយៈពេល ៧ ថ្ងៃ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី១កុម្ភៈ៕