ប្រទេស​ចិន​មាន​បញ្ហា​ខ្យល់​ពុល​ក្នុង​បរិស្ថាន​ខ្លាំង

រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​វិធាន​ ការ​ជា​ច្រើន​នៅ​ក្នុង​ការ​ ដោះ​ស្រាយ​បញ្ហា​ការ​បំពុល​ខ្យល់​អាកាស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

ចំណាត់​ការ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សាធារណ​ជន​កំពុង​តែ​ខឹង​ ក្រោធ​ ក្រោយ​ពី​ប្រទេស​ចិន​បាន​ចុះ​អ័ព្ទ និង​ផ្សែង​ក្រាស់​មិន​ដែល​ធ្លាប់​មាន​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អស់​ពេល​ច្រើន ​ថ្ងៃ​កន្លង​ទៅ​នេះ​។

អាជ្ញាធរ​ចិន​ឲ្យ​ដឹង​ថា ការ​វាស់​វែង​ខ្យល់​ពុល​នៅ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ​មាន​ កម្រិត​ជិត​ដល់​ទៅ​៤០​ដង​ខ្ពស់​ជាង​កម្រិត​ខ្យល់​អាកាស​ដែល​មាន​សុវត្ថិភាព​ កំណត់​ដោយ​អង្គការ​សុខភាព​ពិភព​លោក។

ផ្សែង​អ័ព្ទ​ក្រាស់​នេះ ធ្វើ​ឲ្យ​គេ​អាច​មើល​ឃើញ​បាន​ចម្ងាយ​តែ​១០០​ម៉ែត្រ​ខាង​មុខ​ប៉ុណ្ណោះ​ ហើយ​ក៏​ត្រូវ​បង្ខំ​ឲ្យ​មាន​ការ​លប់​ជើង​ហោះ​ហើរ​ជា​ច្រើន​កាល​ពី​ចុង​ សប្ដាហ៍​នេះ​ផង​ដែរ។

ឥឡូវ​ក្រសួង​ការ​ពារ​បរិស្ថាន​បាន​សន្យា​កំណត់​ កម្រិត​បញ្ចេញ​ឧស្ម័ន​ពុល​ពី​យាន​យន្ដ​ និង​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ថាម​ពល​ស្អាត​ស្អំ​មិន​បំពុល​បរិស្ថាន​ ក៏​ដូច​ជា​ខំ​ពង្រឹង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ឲ្យ​ បានប្រសើរ​នៅ​តាម​ជុំវិញ​ទី​ក្រុង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ក៏​រាយការណ៍​ផង​ដែរ​ថា ស្ថាប័ន​ឃ្លាំ​មើល​បរិស្ថាន​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​បង្កើន ​ការ​វិភាគ​របស់​ពួក​គេ​លើ​ខ្យល់​ពុល​ ហើយ​ផ្សព្វ​ផ្សាយ​លទ្ធផល​ឲ្យ​បាន​លឿន​រហ័ស​ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្ដល់​ការ​ព្រមាន​ទុក​ជា​មុន​អំពី​គុណ​ភាព​ ខ្យល់​អាកាស៕ (Radio Australia)

Related Articles

Back to top button
Close
Close