​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​បណ្តាល​ឲ្យ​បាក់​ភ្លៅ​

ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៥៥ នាទីយប់ថ្ងៃទី១៧ ធ្នូ បុរសម្នាក់ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបើកបុកពីក្រោយបណ្តាលឲ្យបាក់ភ្លៅខាងឆ្វេង រថយន្តបង្កបើករត់គេចបាត់ គ្រោះថ្នាក់នេះកើតឡើង តាមមហាវិថីព្រះនរោត្តមកែង២៨៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ សាន ម៉ារិទ្ធិ ភេទប្រុស អាយុជាង ២០ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តហាយឡែនឌ័រ ពណ៌ស្ករ បើកតាមមហាវិថីព្រះនរោត្តម ពីត្បូងទៅជើង ចំណែកម៉ូតូសេ១២៥ ស៊េរី២០០២ ពណ៌ក្រហម ជិះតាមផ្លូវលេខ២៨៨ ពីលិច ទៅកើត ខណៈមកដល់ចំណុចផ្លូវកែងរថយន្តបត់ឆ្វេងទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដាច់ស្លាកលេខម៉ូតូ ចំណែកអ្នកបើកម៉ូតូដួល បាក់ភ្លៅខាងឆ្វេង រថយន្តបង្កព្យាយាមបន្ថែមល្បឿន បើករត់គេចបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះចាំរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូរង់ចាំបងប្អូន ទៅទទួលយកទៅរក្សាទុក ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close