ខ្ចីម៉ូតូជិះយកទៅបញ្ចាំមិនអស់ចិត្ដលក់ផ្ដាច់
ភ្នំពេញ ៖ខ្ចីម៉ូតូជិះ ហើយយកទៅបញ្ចាំមិនអស់ចិត្ដលក់ ផ្ដាច់ឱ្យកន្លែងកុងស៊ី ក្រោយមក អាណាព្យាបាល ដែលជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចក៏ឃាត់ខ្លួនបាន០២ នាក់ ចំណែក០២នាក់ទៀតកំពុងស្វែងរកចាប់ខ្លួននៅឡើយ។
ករណីឆបោកម៉ូតូមិត្ដភក្ដិស្ទាវសម័យថ្មី នេះ បានកើតឡើងតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២មកម្ល៉េះ នៅចំណុចផ្ទះរបស់ជន រងគ្រោះលេខ៧ ផ្លូវលេខ២៣៨ ភូមិសែន សុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ហើយត្រូវនគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់បាន ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ។
ជនបង្កដែល ត្រូវឃាត់ខ្លួនបានក្នុងអំពើឆបោកម៉ូតូ ទី១-ឈ្មោះ លីម ហេង ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានផ្ទះនៅក្បែរ ផ្ទះ ជនរងគ្រោះនិងជាអ្នកដៃដល់ក្នុងការ យក ម៉ូតូទៅបញ្ចាំនិង លក់ផ្ដាច់ ទី២.ឈ្មោះ អ៊ឹង សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ មានមុខ របរមិនពិតប្រាកដស្នាក់នៅផ្ទះ ជួលក្នុងក្រុម ទី៦ ភូមិសែនសុខ សង្កាត់ឃ្មួញ ។ ចំណែក ជនរងគ្រោះ មានឈ្មោះ វ៉ន សុធា ភេទប្រុស អាយុ២១ឆ្នាំ ជានិសិ្សតឆ្នាំទី២ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ២៣៨ ភូមិសែន សុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រោយត្រូវឃាត់ខ្លួនទៅកាន់ប៉ុស្ដិ៍រដ្ឋបាល ជនសង្ស័យទាំង០២នាក់សារភាពថា ពួកគេ ពិតជា បានយកម៉ូតូមិត្ដភក្ដិ ដែលគេខ្ចីបាន ទៅបញ្ចាំមែន ក្រោយមកក៏នាំគ្នាលក់ផ្ដាច់តែម្ដង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ច នគរបាលផ្នែកព្រហ្មទណ្ឌសែនសុខ កំពុង កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានីតាមនីតិវិធីច្បាប់៕
ដោយ៖ ហេង នាង