​មុខ​សញ្ញា​ចោរ​ឆក់​ និង​គាស់​ផ្ទះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង ២០ នាទីព្រឹកថ្ងៃទី៥ ធ្នូ ២០១២ ប៉ូលិសព្រហ្មទណ្ឌក ម្រិតធ្ងន់ សហការជាមួយប៉ូលិសអន្តរាគមន៍រាជធានីភ្នំពេញ ចាប់បានមុខសញ្ញាចោរឆក់ និងគាស់ផ្ទះដ៏ចំណានម្នាក់ ដែលបានរត់គេចទៅលើផ្ទះប្រជាពលរដ្ឋនៅលើដំបូលផ្ទះ ល្វែងជាន់ទី២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៦ ម្តុំភោជនីយដ្ឋានឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

លោក គឹម រតនៈ នាយផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយលោក ថេង កុសល អនុផ្នែកអន្តរាគមន៍រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចាស់ ដែលពូកែខាងឆក់ និងគាស់ផ្ទះប្រជាពលរដ្ឋ បានឲ្យដឹងថា ដោយសារតែដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពនៅជិតទីតាំងខាងលើ ទើបសមត្ថកិច្ចបានពង្រាយកម្លាំងស្លៀកពាក់ស៊ីវិលនៅចាំឃ្លាំរហូតចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យរូបនោះ មានឈ្មោះ ឃុំ ឌី ហៅខ្មៅ អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close