ស្រវឹង​ស្រា​បើក​រថយន្ត​បុក​រ៉ឺ​ម៉ក​គេ​ពី​ក្រោយ​

ភ្នំពេញ ៖ ស្រវឹងបើករថយន្តលឿនជ្រុលទៅបុកពីក្រោយរ៉ឺម៉កម៉ូតូបណ្តាលឲ្យក្រឡាប់ចំណែក អ្នកបើករ៉ឺម៉កផ្លោង ចេញពីម៉ូតូសន្លប់ស្តូកស្តឹង ហើយរថយន្តបង្ក បានបន្ថែមល្បឿនព្យាយាមបើករត់តែ ត្រូវសមត្ថកិច្ចឃាត់បាន។

គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១ និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូ ២០១២នៅចំណុចផ្លូវលេខ១៧៣ កែង៣៤៨ មុខបៀរហ្គាឌែនសួនអាន់ឆ័រ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ជិះគ្នា៥ទៅ៦នាក់ សុទ្ធតែស្រវឹង បើកតាមផ្លូវលេខ១៧៣ ពីត្បូងទៅជើង ក្នុងទិសដៅស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ ខណៈមកដល់ចំណុចខាងលើ រថយន្តក៏ជ្រុលបើកបុកពីក្រោយរ៉ឺម៉កម៉ូតូពេញទំហឹង បណ្តាលរ៉ឺម៉កម៉ូតូក្រឡាប់ហើយអ្នកបើករ៉ឺម៉កម៉ូតូផ្លោងចេញពីរ៉ឺម៉ក រងរបួសសន្លប់ស្តូកស្តឹង។

ចំណែករថយន្តបង្កក្រោយពីកើតហេតុបានព្យាយាមបត់ឆ្វេងតាមផ្លូវលេខ៣៤៨ រត់គេចទៅដល់ផ្លូវបេតុង ក្នុងភូមិចំរើនផល ក្រុម៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចតាមចាប់ឃាត់បាន។ ចំណែកអ្នកបើរថយន្តនិងបក្សពួកមិនត្រូវបានគេស្គាល់អត្តសញ្ញាណ នោះទេ។

ក្រោយពីឃាត់រថយន្តបានអ្នកបើករថយន្តបង្កនិងបក្សពួក បានធ្វើការសម្លុត និងគំរាមខាងរ៉ឺម៉កម៉ូតូ ព្រមទាំងប៉ូលិសទៀត។ ដោយភាគីរថយន្តបាន គំរាមទៅជនរងគ្រោះជាម្ចាស់រ៉ឺម៉កថា បើសិនយករថយន្ត និងរ៉ឺម៉កម៉ូតូទៅដោះស្រាយនៅខណ្ឌ ពួកគេនឹងទុករថយន្តចោលទៅទីនោះរាប់ឆ្នាំមិនឲ្យខាងរ៉ឺម៉ករកស៊ីអី បាន។

ប៉ុន្តែដោយមានការអន្តរាគមន៍ពីសមត្ថកិច្ច ជនរងគ្រោះនិយាយថារ៉ឺម៉ករបស់គាត់ខូចខាតផ្នែក យ៉ាងដំណំ និងរងរបួសផង ធ្វើការទាមទារសំណង ៥០០ដុល្លារ តែខាងម្ចាស់រថយន្តសម្រេចត្រឹមសង២០០ដុល្លារ បញ្ចប់សាច់រឿង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close