យុវជន​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ទាំង​បី​នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៩ វិចិ្ឆកា ២០១២ យុវជនបីនាក់ជិះម៉ូតូមួយគ្រឿង  ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង ទាំងបីនាក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខសាលាសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធ៍សែនជ័យ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1O 5497 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាកទូរី សពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2D 8472 ដែលបើកបរស្របទិសគ្នា ហើយបានបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូអូសលើដងផ្លូវរួច ត្រូវរថយន្តដឹកដីខ្សាច់មួយគ្រឿងទៀតដែលបើកបរស្របទិសគ្នាដែរនោះ បុកពីក្រោយកិនអ្នករងគ្រោះទាំងបីនាក់ដាច់ដៃជើងស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង។

ក្នុងហេតុការណ៍នេះរថយន្តទូរីសបានជ្រុលល្បឿនក្រឡាប់ធ្លាក់ចូល ប្រឡាយទឹកក្បែរកន្លែងកើតហេតុ ចំណែកឯអ្នកបើកបានរត់គេចខ្លួនបាត់។ ដោយឡែករថយន្តដឹកដីខ្សាច់ដែលបើកកិនអ្នករងគ្រោះស្លាប់ជាបន្តបន្ទាប់ ទាំងបីនាក់នោះ ក៏បានបើករថយន្តរត់គេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍វាស់វែងដកហូតយករថយន្តទូរី សនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញដើម្បីចាត់ការតាមច្បាប់។

ចំណែកសពជនរងគ្រោះទាំងបីនាក់សមត្ថកិច្ចដឹកតាមរថយន្តសាមុយមក តម្កល់ទុកនៅឈាបនដ្ឋានវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ខាងលើនេះមានម្នាក់ត្រូវបាន សមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ គឺ ឈ្មោះ សៅ មករា អាយុ២០ឆ្នាំ មានទីលំនៅភូមិក្រពើហា ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយឡែកពីរនាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណទេ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close