ក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន ៣នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ផ្នែកអនុវត្តដីកាធ្វើការស្រាវជ្រាវភ្លាមៗ ចាប់បានជាបន្តបន្ទាប់ចំនួន ៣ នាក់ ក្រោយពីប្លន់បានប៉ុន្មានម៉ោងតែប៉ុណ្ណោះ។
សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងបានឲ្យដឹងថា ជនសង្ស័យចំនួន ៣ នាក់ ដែលកម្លាំងយើងចាប់បានជាបន្តបន្ទាប់នោះ ទី១. ឈ្មោះ អ្នក វឌ្ឍនៈ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ស្នាក់នៅសង្កាត់បឹងសាឡា ខណ្ឌទួលគោក ទី២. ឈ្មោះ អ៊ួន រ៉ាមី ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ កុដលេខ១១ ទី៣. ឈ្មោះ ឡេង សុខសាញ់ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅវត្តស្ទឹងមានជ័យ កុដលេខ៦ ស្រុកកំណើតភូមិអូរក្រោម ឃុំថ្មយុ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះនៅក្នុងអំពើប្លន់ប្រដាប់អាវុធនោះ ឈ្មោះ ឌុល សាវ័ន្ត ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ ជៀនស៊ូដាវ ស្នាក់នៅផ្ទះជួល ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ និងដកហូតបានម៉ូតូម៉ាក FTR ២២៣ ពណ៌ស បិទស្កុតខ្មៅ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១AJ-៣៤៩៩ ។
សមត្ថកិច្ចប៉ូលិស បានឲ្យដឹងទៀតថា កាលពីព្រលប់ម៉ោង ៦ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ មានការណីបាញ់ប្លន់មិនសម្រេចទៅលើស្ត្រីម្នាក់ ដែលជិះម៉ូតូម៉ាកឃ្លីក ពណ៌សលាយប្រភេះ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៩៥៨៦ ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយជនសង្ស័យភ្ជង់ប្លន់នារីរងគ្រោះមិនឲ្យ ក៏ប្រតាយប្រតប់គ្នា ក្រុមចោរក៏បាញ់ ១ គ្រាប់ ត្រូវជនរងគ្រោះចំឆ្អឹងខ្នងពីក្រោយរងរបួសធ្ងន់ ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី។
ក្រោយពីប្លន់ភ្លាមៗ ប៉ូលិសបានស្រែកតាមវិទ្យុទាក់ទងអំពីលេខម៉ូតូជនសង្ស័យ ពេលនោះ កម្លាំងប៉ូលិសយើងក៏ចេញធ្វើការល្បាតស្រាវជ្រាវចាប់បានជនសង្ស័យ ម្នាក់ឈ្មោះ អ៊ួន រ៉ាមី នៅចំណុចរង្វង់មូលនាងគង់ហ៊ីង ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា វេលាម៉ោង ២២ យប់ ថ្ងៃទី២១ ខែវិច្ឆិកា។
ប្រភពបន្តថា ក្រោយពីប៉ូលិសធ្វើការសាកសួរជនសង្ស័យរួចមក ក៏ឈានទៅចាប់ខ្លួនបក្ខពួកវាបាន ២ នាក់ទៀត ម្នាក់នៅវត្តស្ទឹងមានជ័យ កុដលេខ១១ ម្នាក់ទៀតនៅផ្សារសូរិយា។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ហេង នាង