ក្រុមអ្នកគាំទ្រ​សរសេរ​លិខិតចំហ​ប្រឆាំង​នឹង​ការ​បណ្តេញ​លោក Bo Xilai ពី​សមាជិក​សភា

ក្រុមអ្នកឆ្វេងនិយមចិន ដែលគាំទ្រលោក Bo Xilai បានចេញផ្សាយលិខិតចំហ មួយទាមទារកុំឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍សភា បណ្តេញលោក Bo Xilai ពី សមាជិកសភា ដោយអះអាងថា ការបណ្តេញលោក Bo Xilai នេះ គឺជារឿងមិន ស្របច្បាប់ ហើយធ្វើឡើង ក្នុងហេតុផលនយោបាយ។ លិខិតចំហនេះ គឺជាសញ្ញា បង្ហាញកាន់តែច្បាស់ អំពីភាពប្រេះឆាក្នុងរង្វង់បក្សកុម្មុយនិស្តចិនដោយ សារតែរឿងលោក Bo Xilai ។

លិខិតចំហដែលប្រឆាំងនឹងការបណ្តេញលោក Bo Xilai ពីសមាជិកសភាចិន ត្រូវបាន ចុះហត្ថលេខាដោយសាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ និងអតីតមន្រ្តីបក្ស កុម្មុយនិស្តចិន ជាង ៣០០នាក់ ដែលគេស្គាល់ថាជាក្រុមអ្នកមាននិន្នាការឆ្វេង និយម។ ក្រុមអ្នកឆ្វេងនិយមចិន ដែលគាំទ្រលោក Bo Xilai នេះ ប្រកាន់យកនូវគំនិត មួយថា ចិនត្រូវតែបន្តដើរតាមគន្លងបដិវត្តន៍របស់ម៉ៅ សេទុងផ្ទុយពីក្រុមអ្នក កំណែ ទម្រង់និយម ដែលយល់ថា ចិនត្រូវតែពន្លឿនការធ្វើកំណែទម្រង់ទាំងខាង ផ្នែកនយោបាយ និងសេដ្ឋកិច្ច។

នៅក្នុងលិខិតចំហ ដែលចុះផ្សាយលើវិបសៃត៍កាសែតឆ្វេងនិយមឈ្មោះ « Red China » ក្រុមអ្នកគាំទ្រលោក Bo Xilai បានចោទជាសំណួរចំពោះគណៈកម្មា ធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិនថា តើពួកគេសំអាងលើហេតុផលអ្វី ទើបហ៊ាន បណ្តេញ លោក Bo Xilai ពីសមាជិកសភា? ហើយបើសិនជាថា លោក Bo Xilai ប្ព្រឹត្តខុសគួរស័ក្តិសមនឹងបណ្តេញចេញពីសភាមែន សភាគួរតែបង្ហាញភស្តុ តាង ទាំងអស់នេះឲ្យប្រជាជនទូទៅបានដឹង ហើយអនុញ្ញាតឲ្យលោក Bo Xilai អាចឆ្លើយដោះសារការពារខ្លួន ទៅតាមវិធានច្បាប់។

គួរបញ្ជាក់ថា លោក Bo Xilai កំពុងប្រឈមមុខនឹងរឿងក្តីព្រហ្មទណ្ឌ ជុំវិញការ ធ្វើឃាតអ្នកជំនួញអង់គ្លេសឈ្មោះ Neil Heywood កាលពីឆ្នាំទៅមិញ។ សំណុំរឿងឃាតកម្ម ដែលអតីតមេប៉ូលិសក្រុងម្នាក់ រួមជាមួយនឹងភរិយារបស់ លោក Bo Xilai ទើបនឹងត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារ នាពេល ថ្មីៗនេះ។

នៅក្នុងកិច្ចប្រជុំរយៈពេល៤ថ្ងៃដែលនឹងចាប់ផ្តើមបើកធ្វើនៅថ្ងៃអង្គារ ស្អែក នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិនគ្រោងនឹងសម្រេចបណ្តេញ លោក Bo Xilai ពីសមាជិកសភា។ ប្រសិនបើលោក Bo Xilai ពិតជាត្រូវបាត់បង់ សមាជិកភាពក្នុងសភាមែន អភ័យឯកសិទ្ធិសភារបស់លោកក៏ត្រូវបញ្ចប់ដែរ ដែល អាចជាការបើកផ្លូវឲ្យតុលាការនាំរូបលោកយកទៅកាត់ទោស ជុំវិញសំណុំរឿង ឃាតកម្មលោក Neil Heywood បាន។

វិបសៃត៍របស់កាសែត « Red China » ដែលចុះផ្សាយលិខិតចំហគាំទ្រលោក Bo Xilai នេះ ត្រូវបានអាជ្ញាធរចិនបិទមិនឲ្យប្រជាជនទូទៅចូលមើលបានទេ ហើយលិខិត នេះក៏មិនត្រូវបានកាសែតផ្លូវការរបស់រដ្ឋយកទៅចុះផ្សាយ បន្តដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ការសរសេរលិខិតគាំទ្រលោក Bo Xilai ជាសាធារណៈបែបនេះ គឺជាសញ្ញាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា រឿងអាស្រូវរបស់លោក Bo Xilai កំពុងតែបង្កឲ្យមានភាពប្រេះឆា ក្នុងជួរបក្សកុម្មុយនិស្តចិន ជាពិសេសគឺការ ប្រឈមមុខដាក់គ្នារវាងក្រុមអ្នកឆ្វេងនិយម និងក្រុមអ្នកកំណែទម្រង់និយម។ ហើយ ភាពប្រេះឆានេះកើតមានឡើង នៅក្នុងពេលដែលបក្សកុម្មុយនិស្តចិនកំពុងតែ រៀបចំផ្លាស់ប្តូរ មេដឹកនាំថ្មី៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close