លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រីNdetwa ប្រធានាធិបតីណាមីប៊ី
Cambodia News
នារសៀលថ្ងៃទី១០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោកស្រី Ndetwa ប្រធានាធិបតីណាមីប៊ី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងសំណើរចំនួន ៣ ចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ណាមីប៊ីក្នុងយុគសម័យថ្មី។ ទីមួយ ប្រកាន់ខ្ជាប់ការគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ ។ ទីពីរ ត្រូសត្រាយសក្តានុពលកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការ។ ទីបី ប្រកាន់ខ្ជាប់សមគ្គីភាព និងកិច្ចសម្របសម្រួល ដើម្បីគាំពារពហុភាគីនិយម។
លោក Xi Jinping បានបន្តថា ភាគីចិនរីករាយបន្តធ្វើការជាមួយប្រទេសអាហ្វ្រិក រួមមានប្រទេសណាមីប៊ីជាដើមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យរ៉ែ ហើយត្រូវប្រកាន់ខ្ជាប់គោលការណ៍ចំនួន៣។ ទីមួយ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ទីពីរ ពិគ្រោះពិភាក្សាគ្នាដោយមេត្រីភាព ទីបី ត្រូសត្រាយ និងអភិវឌ្ឍន៍ ។
ជាការឆ្លើយតប លោកស្រី Ndetwa បានថ្លែងថា ភាគីណាមីប៊ីយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងជាមួយប្រទេសចិន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនមួយ។ ភាគីណាមីប៊ីមានឆន្ទៈរៀនសូត្រពីបទពិសោធចិន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរណាមីប៊ីនិងចិនទទួលបានការរីកចម្រើនបន្ថែមទៀត ។
បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងណាមីប៊ីបានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនមានដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សុខភិបាល ការអប់រំ និងធនធានមនុស្សជាដើម៕

