ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី បង្កើតឡើងដើម្បីរួមចំណែកកាត់បន្ថយអំពើហិង្សាលើស្ត្រី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ សីហា ២០១៧) ៖ ក្លិបអ្នកកាសែតកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ សីហា បានធ្វើការផ្សព្វផ្សាយពីការប្រកាសរួមស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី។ ក្រមប្រតិបត្តិនេះ ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកកាត់បន្ថយអំពើហិង្សាលើស្ត្រី ដែលការផ្សព្វផ្សាយពីក្រមនេះមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ជាពន្លឺក្នុងការដាស់តឿនស្មារតី ដល់អ្នកកាសែតអោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ មិនមែនធ្វើឡើងក្នុងការបន្តុះបង្អាប់នោះទេ លើសពីនេះ ក្រមប្រតិបត្តិនេះក៏មិនមែនធ្វើឡើងក្នុងន័យដាក់ការគាបសង្កត់ធ្ងន់ធ្ងរទៅលើអ្នកដែលធ្វើខុសនោះដែរ តែផ្ទុយទៅវិញ នឹងមានការលើកទឹកចិត្តដល់អ្នកដែលគោរពតាមក្រមដែលបានកំណត់។
លោក ប៉ែន បូណា បន្តថា អ្នកសារព័ត៌មានគួរតែជៀសវាងការបង្ហាញព័ត៌មានដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ហើយគួរជៀសវាងកុំអោយជនរងគ្រោះ រងគ្រោះបន្ថែមដោយសារតែការផ្សព្វផ្សាយព័ត៌មាន។
ជាមួយគ្នានោះដែរ អ្នកស្រី ប៉ែន គន្ធា អនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារី បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាលើស្រ្តី និងកុមារី។ អ្នកស្រីបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលវិជ្ជមានក្នុងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ប្រសិនបើពួកគេធ្វើការផ្សព្វផ្សាយមានក្រមសីលធម៌ និងវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីត្រូវបានចុះហត្ថលេខាប្រកាសឲ្យអនុវត្តនៅថ្ងៃទី២០ កក្កដា ២០១៧ ដោយក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី។ ក្រមប្រតិបត្តិនេះ មាន១៥ប្រការ និងមានគោលបំណងទប់ស្កាត់ការយកករណីហិង្សាលើស្ដ្រី ធ្វើជាព័ត៌មានកំសាន្តសប្បាយ និងដើម្បីកែប្រែឥរិយាបទសង្គមក្នុងការលុបបំបាត់អំពើហិង្សាលើស្ដ្រី៕ ដោយ ៖ ហេង នាង