កិច្ចសន្ទនាយុវជនកម្ពុជា-ចិន៖ វប្បធម៌ជាស្ពានភ្ជាប់មិត្តភាពរវាងប្រជាជនទាំងពីរ
Cambodia News
ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិននៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល។
កិច្ចសន្ទនានេះបានផ្តល់វេទិកាដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ទំនាក់ទំនងកម្ពុជា-ចិនមានឫសគល់យ៉ាងជ្រៅនៅក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសតាមរយៈការផ្លាស់ប្តូរ និងសមាហរណកម្មវប្បធម៌ ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រ។
លោកបណ្ឌិតបានលើកឡើងពីទស្សនៈ «ហឺហឺ和合» ដែលសំដៅលើការរួមរស់ដោយសុខដុមរមនា និងការរួមបញ្ចូលនៃគំនិតទស្សនវិជ្ជាឡៅជឺ ទស្សនវិជ្ជាខុងជឺ និងព្រះពុទ្ធសាសនា។ លោកបណ្ឌិតបានបញ្ជាក់ថា វប្បធម៌ និងទំនៀមទម្លាប់ដែលប្រជាជនចិនបាននាំមកកម្ពុជា តាមរយៈការធ្វើដំណើរ ពាណិជ្ជកម្ម និងការតាំងទីលំនៅ បានធ្វើអន្តរកម្ម និងវេញត្របាញ់ជាមួយវប្បធម៌ខ្មែរ អស់រយៈពេលជាង ២.០០០ ឆ្នាំមកហើយ។
បច្ចុប្បន្ន ប្រជាជនខ្មែរដែលមានសែស្រឡាយចិនជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសង្គមកម្ពុជា និងទទួលយកទាំងវប្បធម៌ខ្មែរ និងមរតកវប្បធម៌ចិន។ លោកបណ្ឌិតបានចាត់ទុកនេះជាឧទាហរណ៍មួយនៃការរស់នៅរួមគ្នាដោយសុខដុមរមនា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានសាទរយ៉ាងខ្លាំងចំពោះលទ្ធផលស្រាវជ្រាវរបស់និស្សិតជនជាតិចិន ដែលបានមកសិក្សាភាសាខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានចាត់ទុកការសិក្សាភាសា និងវប្បធម៌ខ្មែរ ដោយនិស្សិតចិន ជាស្ពានសម្រាប់បង្កើនការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងចិន។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការផ្លាស់ប្តូរភាសា វប្បធម៌ និងចំណេះដឹងរវាងយុវជននៃប្រទេសទាំងពីរ នឹងជួយបន្តមរតកមិត្តភាពពីជំនាន់មួយទៅជំនាន់មួយ និងបង្កើតមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់សុខដុមនីយកម្មវប្បធម៌ និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។
សម្រាប់លោកបណ្ឌិត កិច្ចសន្ទនាយុវជនកម្ពុជា-ចិន មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានសម្រាប់បន្តការយល់ចិត្ត ការគោរព និងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន ពីជំនាន់មួយទៅជំនាន់មួយ៕


