WHO ស្នើឲ្យកម្ពុជាលុបបំបាត់ការឃោសនាផលិតផលថ្នាំជក់
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី៩ តុលា អង្គការសុខភាព ពិភពលោក បើកវគ្គសិក្សាអប់រំមន្ត្រីមកពីតាមបណ្ដាខណ្ឌចំនួន៩ ក្នុងរាជធានីភ្នំពេញ ពីបទដ្ឋានច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ដើម្បីសុំឲ្យពួកគេយក ចិត្តទុកដាក់បំបាត់ការឃោសនានានា ពាក់ព័ន្ធដល់ឧស្សាហកម្មថ្នាំជក់ និងចូលរួមទប់ស្កាត់។
តំណាងអង្គការសុខភាព ពិភពលោក ប្រចាំនៅកម្ពុជា លោក ភីធឺ វ៉ាន់ម៉ារេន (Pieter Van Maaren) បាននិយាយថា ការរំលោភទៅលើបញ្ញត្តិហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលបារី នៅតែបន្តកើតមាននៅពាសពេញពិភពលោក។
រាជរដ្ឋារដ្ឋាភិបាល កម្ពុជា បានចេញអនុក្រឹត្យមួយ កាលពីឆ្នាំ២០១១ ស្ដីពីវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។ មាត្រា៦ នៃអនុក្រឹត្យបានហាមឃាត់ការផ្សាយពាណិជ្ជកម្មបារីគ្រប់ទម្រង់ទាំង អស់ ទោះជារូបភាពណាក៏ដោយ មានដូចជា ការផ្សាយតាមផ្ទាំងរូបភាព បដា ប៉ាណូ ឆត្រ យានយន្តចល័ត ប័ណ្ណផ្សព្វផ្សាយ និងសម្ភារៈផ្សេងៗ។
យោងតាមរបាយការណ៍ វិទ្យាស្ថានស្ថិតិ ឲ្យដឹងថា នៅឆ្នាំ២០១១ ពលរដ្ឋកម្ពុជាពេញវ័យប្រមាណ ២លាននាក់ ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមាន ១,៤លាននាក់ ជក់បារី និងជាងកន្លះលាននាក់ទៀត ចុកថ្នាំជក់។ ចំណែកអត្រាមរណៈដែលចេញដោយអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១១ បង្ហាញថា នៅកម្ពុជា មានពលរដ្ឋកម្ពុជាប្រមាណ ១សែននាក់ បានស្លាប់ដោយសារជំងឺដែលបណ្ដាលមកពីជក់បារី៕