បទវិភាគ៖សង្កេតមើលពីការកើនឡើងនិងអនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល
Cambodia News
ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី ៥ នឹងប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញាខាងមុខ ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិអន្តរជាតិនិងមានលក្ខណៈជំនាញតែមួយគត់នៅក្នុងប្រទេសចិនដែលផ្តោតលើប្រធានបទពាណិជ្ជកម្មឌីជីថល ពិព័រណ៍នេះបានទាក់ទាញសហគ្រាសចិននិងអន្តរជាតិសរុបជាង ៥០០០ និងពាណិជ្ជករឯកទេសចំនួន ៨៧០០០ នាក់ ហើយការតាំងបង្ហាញជាលើកដំបូងនូវផលិតផលបច្ចេកវិទ្យាថ្មីៗជាង ១២០០ ។ ក្នុងឱកាសឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥របស់ចិន ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនត្រឹមតែជាការរំលឹកឡើងវិញនូវសមិទ្ធផលអភិវឌ្ឍន៍នៃវិស័យពាណិជ្ជកម្មឌីជីថលរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀបចំត្រួសត្រាយផ្លូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយសម្រាប់ពេលអនាគតផងដែរ ។
សមិទ្ធផលដែលទទួលបានក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់ចិនមានភាពលេចធ្លោនិងគួរឱ្យទាក់ទាញអារម្មណ៍។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មឌីជីថលបានក្លាយជាកម្លាំងដ៏សំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ ទិន្នន័យបានបង្ហាញថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ បរិមាណសរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូបនីយកម្មរបស់ប្រទេសចិនមានការកើនឡើងជាមធ្យមប្រចាំឆ្នាំចំនួន ១១,២ ភាគរយដែលខ្ពស់ជាងកម្រិតមធ្យមនៃសកលលោកចំនួន ១,៨ ភាគរយ ។ ក្នុងចំណោមនោះ ទំហំនាំចេញនាំចូលប្រព័ន្ធទូរគមនាគមន៍ កុំព្យូទ័រ និងសេវាកម្មព័ត៌មានបានកើនឡើងពី ៩៣,៧៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ដល់ ១៥៤,៥៣ ពាន់លានដុល្លារអាមេរិកដែលអត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំមានចំនួនលើសពី ១០ ភាគរយ ។ ការពង្រីកជាលំដាប់នូវពាណិជ្ជកម្មបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មផលិតផលឌីជីថល ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃពាណិជ្ជកម្មសេវាកម្មឌីជីថល និងការអនុវត្តជាក់ស្តែងយ៉ាងសកម្មក្នុងវិស័យពាណិជ្ជកម្មទិន្នន័យ–”ទិដ្ឋភាពថ្មីៗនៃពាណិជ្ជកម្មឌីជីថល”ចំនួន ៤ បានបង្ហាញពីការបោះជំហានទៅមុខយ៉ាងមុតមាំរបស់ប្រទេសចិនដែលប្រែក្លាយពី”ប្រទេសធំបំផុតខាងពាណិជ្ជកម្ម”ទៅជា”ប្រទេសខ្លាំងក្លាខាងពាណិជ្ជកម្ម” ។
បញ្ញាសិប្បនិម្មិតកំពុងក្លាយជានិមិត្តសញ្ញាដ៏លេចធ្លោបំផុតនៃវិស័យពាណិជ្ជកម្មឌីជីថល ។ ពិព័រណ៍ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ”ការជួបជាមួយអនាគតនៃ AI នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល” ។ សហគ្រាសដែលចូលរួមការតាំងពិព័រណ៍បញ្ញាសិប្បនិម្មិតមានសមាមាត្រលើសពី ១ ភាគ ៣ ហើយមូលដ្ឋានធ្វើតេស្តការប្រើប្រាស់កម្មវិធី AI នឹងបង្ហាញមុខព្រមៗគ្នាដោយបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយអំពីខ្សែសង្វាក់ច្នៃប្រឌិតទាំងមូល ចាប់ពីម៉ូដែលទូទៅ ការប្រើប្រាស់ក្នុងឧស្សាហកម្មរហូតដល់ប្រព័ន្ធ Terminal ឆ្លាតវៃ ។ វេទិកាសម្រាប់ធ្វើពាណិជ្ជកម្មឌីជីថលសំខាន់ៗចំនួនបួនលើទូទាំងពិភពលោក ដូចជា Alibaba Google Amazon និង Meta នឹងប្រមូលផ្តុំគ្នាជាលើកដំបូង ម៉ូដែលធំៗលំដាប់កំពូលជាង ២០០ ដែលបូករួមទាំង Qwen និង DeepSeek ជាដើមបានបង្ហាញមុខព្រមៗគ្នា ។
លើសពីនេះទៅទៀត ពិព័រណ៍លើកនេះក៏បានរៀបចំពន្លាពិព័រណ៍អនាគត AI ក្រោមប្រធាបទ”ថូខិន(Token)”ជាលើកដំបូងផងដែរ ដែលបានដាក់តាំងបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសេវាកម្មម៉ូដែល ចាប់ពីហេដ្ឋារចនាសម្ព័ន្ធខាងកុំព្យូធីងដល់ម៉ូដែលធំសំខាន់ៗ ដែលផលិតដោយប្រទេសចិនជាដើម រហូតដល់សេណារីយ៉ូកម្មវិធីដូចជា ”AI+ពាណិជ្ជកម្មអន្តរជាតិ”និង”AI+វេជ្ជសាស្ត្រ ”ជាដើម ។ នាពេលថ្មីៗកន្លងទៅនេះ ពាក្យគន្លឹះមួយដែលត្រូវគេលើកឡើងជាញឹកញាប់ គឺសេដ្ឋកិច្ចថូខិន ។ ”ការជួញដូរថូខិន”សម្រេចបាននូវការទូទាត់ដូចជាការបង់ថ្លៃអគ្គិសនីដោយគិតតាម”គីឡូវ៉ាត់ម៉ោង”និងថ្លៃទឹកគិតតាមដោយ”តោន” អ្នកប្រើប្រាស់បានប្រើប្រាស់”ថូខិន”ដើម្បីទូទាត់យ៉ាងទៀងទាត់ ។ បច្ចុប្បន្ននេះ វេទិកាជួញដូរថូខិនបញ្ញាសិប្បនិម្មិតទីមួយនៃប្រទេសចិនបានដំណើរការជាផ្លូវការនៅក្រុងហូហុត ប្រទេសចិនដើម្បីផ្តល់សេវាកម្មជួញដូរ”ថូខិន”ដល់អ្នកប្រើប្រាស់ប្រកបដោយភាពងាយស្រួល ភាពបៃតងនិងកាបូនទាប គុណភាពខ្ពស់និងតម្លៃថោកសមរម្យ ។
ភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅនៃ”AI+ពាណិជ្ជកម្ម”បែបនេះកំពុងបង្កើតថ្មីនូវតក្កវិជ្ជានៃពាណិជ្ជកម្មសកល ។ ខណៈពេលដែលកុំព្យូធីងអាចទាក់ទងជាមួយពាណិជ្ជករក្រៅប្រទេសក្នុងគ្រប់កាលៈទេសៈ វិភាគពីដំណើរការនៃទីផ្សារដោយឆ្លាតវៃនិងបង្កើតជាការណែនាំផលិតផលដោយពហុភាសារតាមរយៈការចុចតែម្តង ។ ខណៈពេលដែលសហគ្រាសផលិតប្រព័ន្ធ Terminal ឆ្លាតវៃចំនន ៣៦៧ បង្ហាញមុខព្រមៗគ្នា ។ ខណៈពេលដែលទស្សនិកជនអាចមើលឃើញផ្ទាល់ភ្នែកនូវឧបករណ៍ធ្វើដំណើរបែបថ្មីដែលមានអារម្មណ៍អនាគតយ៉ាងខ្លាំង ដូចជាមនុស្សយន្ត Mecha ប្រែកាយនិងយានហោះហើរផ្ទុកមនុស្សជាដើម ពាណិជ្ជកម្មឌីជីថលលែងជា”ការជួញដូរតាមអនឡាញ”ទៀតហើយ ប៉ុន្តែជាកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃបច្ចេកវិទ្យា សេណារីយ៉ូកម្មវិធីនិងប្រព័ន្ធអេកូឡូស៊ី ។
កិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយគឺជាលក្ខណៈពិសេសនៃពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលជាប់រហូតមក ។ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះមានទំហំសរុប ១ សែន ៧ ម៉ឺនម៉ែត្រការ៉េ ពាណិជ្ជករចូលរួមពិព័រណ៍អន្តរជាតិមានចំនួនលើសពី ២០ ភាគរយ ។ ប្រទេសម៉ាឡេស៊ី និងហុងគ្រីនឹងធ្វើជាប្រទេសភ្ញៀវកិត្តិយសក្នុងពិព័រណ៍នេះ ហើយចំនួនគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមពិព័រណ៍ គឺ លើសពីទំហំសរុបនៃពិព័រណ៍លើកមុនៗ ។ តំណាងដែលមកពីប្រទេសនិងតំបន់ចំនួន ១២១ និងអង្គការអន្តរជាតិចំនួន ២៩ បានបញ្ជាក់ថា នឹងចូលរួមពិព័រណ៍លើកនេះ ក្នុងន័យធ្វើការផ្លាស់ប្តូរនិងពិគ្រោះពិភាក្សាជុំវិញប្រធានបទដូចជាធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ ទិន្នន័យឆ្លងដែននិងពាណិជ្ជកម្មបៃតងជាដើម ។
ក្នុងអំឡុងពេលពិព័រណ៍លើកនេះ ទីស្នាក់ការកណ្តាលនៃសហភាពសេដ្ឋកិច្ចឌីជីថលអារ៉ាប់ប្រចាំនៅប្រទេសចិននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយនិងចាប់ដំណើរការផែនការសហប្រតិបត្តិការអំពីធនធានមនុស្សបញ្ញាសិប្បនិម្មិតចិន-អាហ្វ្រិកព្រមទាំងផ្តួចផ្តើមឱ្យកសាងបណ្តាញសហប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេសប្រទេស BRICS ។ ប្រទេសចិននឹងរួមសហការជាលើកដំបូងជាមួយអង្គការជំនាញអន្តរជាតិចំនួន ៥ ដូចជា អង្គការពាណិជ្ជកម្មពិភពលោក មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ វេទិកាសេដ្ឋកិច្ចពិភពលោក សន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិនិងអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ច ដើម្បីចងក្រងរបាយការណ៍សំខាន់ក្រោមចំណងជើងថា «របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកលឆ្នាំ ២០២៦ » ។
វិធានការទាំងនេះបង្ហាញឱ្យឃើញថា ប្រទេសចិនកំពុងប្រែក្លាយពី”អ្នកចូលរួម”ទៅជា”អ្នកដឹកនាំ”សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល ។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា នឹងចូលរួមប្រកបដោយលក្ខណៈស្ថាបនាក្នុងការពិគ្រោះពិភាក្សាយោបល់អំពីក្បួនច្បាប់ពាណិជ្ជកម្មឌីជីថល ក្នុងក្របខ័ណ្ឌអង្គការ WTO ក្រុម G20និងអង្គការ APEC និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអំពីពាណិជ្ជកម្មឌីជីថលពហុភាគី ទ្វេភាគី និងក្នុងតំបន់ជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ប្រទេស BRICS និងប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងបរិបទបច្ចុប្បន្នដែលក្បួនច្បាប់ពាណិជ្ជកម្មឌីជីថលសកលនៅតែស្ថិតក្នុងដំណាក់កាលតាក់តែង ការចូលរួមដោយបុរេសកម្មនិងការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសចិន វាមានសារសំខាន់ណាស់សម្រាប់ការកសាងសេដ្ឋកិច្ចបែបបើកទូលាយនិងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយបរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ។
ការរក្សាប្រាស្រ័យទាក់ទងគ្នារវាងឧស្សាហកម្មនិងពាណិជ្ជកម្ម និងការធ្វើនវានុវត្តន៍ខាងប្រព័ន្ធច្បាប់បានបំពេញបន្ថែមនូវកម្លាំងចលករ ដែលអាចដំណើរការបានយូរអង្វែងសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល ។ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះបានស្រូបទាញពាណិជ្ជករឯកទេសចំនួនជិត ៤០០០០ នាក់ឱ្យចុះឈ្មោះចូលរួម ក្នុងនោះ ពាណិជ្ជករអន្តរជាតិមានចំនួនលើសពី ១២០០០ នាក់ និងការបញ្ជាទិញអន្តរជាតិដែលមានគម្រោងរៀបចំជាមុនបានឈានដល់ ៩៧៧ លានដុល្លារអាមេរិក ។ ពិព័រណ៍លើកនេះបានរៀបចំជាលើកដំបូងនូវការប្រកួតប្រជែងភាពវៃឆ្លាតដែលមានរូបរាងដូចមនុស្ស និងមានការរៀចចំជាលើកដំបូងនូវទីផ្សារផលិតផលពាណិជ្ជកម្មឌីជីថលដែលមានគុណភាពល្អ និងផលិតផលពាណិជ្ជកម្មឌីជីថលថ្មីៗរាប់ពាន់មុខត្រូវបានដាក់បង្ហាញ និងដាក់លក់ព្រមៗគ្នា ។ វិធានការច្នៃប្រឌិតថ្មីទាំងនេះកំពុងធ្វើឱ្យពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលនេះទៅជា”វេទិកាពាណិជ្ជកម្មដែលគ្មានទីបញ្ចប់ ” ។
បើមើលតាមគោលនយោបាយ កាលពីខែសីហា ឆ្នាំ ២០២៤ ការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបោះពុម្ពផ្សាយនិងចែកចាយ«មតិយោបល់ស្តីពីកំណែទម្រង់និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីនៃពាណិជ្ជកម្មឌីជីថល»ដោយកំណត់យ៉ាងច្បាស់លាស់នូវគោលដៅអភិវឌ្ឍន៍។


