បទវិភាគ៖“អារម្មណ៍សុវត្ថិភាពបែបចិន”បានបង្កើតភាពរស់រវើកក្នុងទីផ្សារសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន
Cambodia News/
ទំនេរស្រណុកស្រួលនៃការញ៉ាំសាច់អាំងនៅពេលយប់ជ្រៅ ភាពធូរស្រាលរបស់ម្ចាស់ហាងតូចដែលបើកទ្វារសម្រាកកាយ ចាកចេញពីហាងកាហ្វេដោយភ្លេចយកកាបូបស្ពាយនៅលើតុ ។ល។ ទិដ្ឋភាពក្នុងជីវភាពប្រចាំថ្ងៃទាំងនេះដែលជារឿងធម្មតាក្នុងក្រសែភ្នែករបស់ជនជាតិចិន ប៉ុន្តែពេលថ្មីៗនេះបានក្លាយជា”រឿងនឹកស្មានមិនដល់”សម្រាប់អ្នកសរសេរប្លុកឬអ្នកទេសចរបរទេស ។ ពួកគេបាននាំគ្នាថតរូបឬវីដេអូដើម្បីកត់ត្រាពេលវេលាដ៏”អស្ចារ្យ”ទាំងនេះ ហើយបានបូកសរុបទៅជាពាក្យថ្មីមួយដែលពោរពេញទៅដោយភាពទាក់ទាញគឺ”អារម្មណ៍សុវត្ថិភាពបែបចិន” ។
ប្រសិនបើភ្នំនិងទន្លេដ៏ល្បីឈ្មោះនិងស្រស់ស្អាតអាចទាក់ទាញអ្នកទេសចរឱ្យចូលមកទស្សនា នោះ អារម្មណ៍សុវត្ថិភាពជាក់ស្តែងពិតជាអាចធ្វើឱ្យអ្នកទេសចរស្នាក់នៅចិន រហូតដល់ចង់មកលេងម្តងទៀត ។ តាមពិតទៅ”អារម្មណ៍សុវត្ថិភាពបែបចិន”មិនមែនជានិយមន័យអរូបីនោះទេ ប៉ុន្តែគឺជាកម្លាំងប្រកួតប្រជែងជាស្នូលដ៏លេចធ្លោបំផុតនៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន ហើយក៏ជាចំណុចគន្លឹះដែលធ្វើឱ្យអ្នកទេសចរដែលចូលធ្វើទេសចរណ៍ក្នុងដែនចិនប្រែក្លាយពី”ការធ្វើទេសចរណ៍នៅចិន”ទៅជា”ការយល់ដឹងពីប្រទេសចិន”ផងដែរ ។
បើនិយាយចំពោះជនបរទេសជាច្រើនដែលមកលេងប្រទេសចិនជាលើកដំបូង អារម្មណ៍សុវត្ថិភាពបែបចិនជាដំបូងគឺជាការដកបទពិសោធដោយផ្ទាល់ដែល”ខុសពីទម្លាប់ធម្មតា” វាគឺមកពីទិដ្ឋភាពក្នុងជីវភាពប្រចាំថ្ងៃដែលមាននៅតាមដងផ្លូវនិងអាចស្ទាបបាន ។
យោងតាម«របាយការណ៍ស្តីពីសន្តិសុខសកលឆ្នាំ២០២៥»ដែលចេញផ្សាយដោយក្រុមហ៊ុនស្ទង់មតិដ៏ល្បីឈ្មោះ Gallup បានបង្ហាញថា ក្នុងចំណោមប្រទេសនិងតំបន់ជាង១៤០ដែលចូលរួមការស្ទង់មតិ តាមទិន្នន័យស្ទង់មតិរបស់មនុស្សពេញវ័យចំនួនជាង១៤,៥ម៉ឺននាក់បានឱ្យដឹងថា កម្រិតសុវត្ថិភាពរបស់ចិនឈរនៅលំដាប់ទី៣លើពិភពលោក ។ ព្រមពេលជាមួយគ្នានេះ របាយការណ៍នេះបានលើកឡើងថា ពលរដ្ឋចិនមានជំនឿចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នអនុវត្តច្បាប់ក្នុងតំបន់ ហើយអត្រាជួបប្រទះឧក្រិដ្ឋកម្មដោយផ្ទាល់គឺទាបណាស់ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកើតមានឃាតកម្ម ឧក្រិដ្ឋកម្មព្រហ្មទណ្ឌនិងហេតុការណ៍បំផ្ទុះនិងបាញ់ប្រហារទាបបំផុតនៅលើពិភពលោក ។
លោក Renato Pernuipi បញ្ញវន្តប្រេស៊ីលបានរស់នៅក្នុងប្រទេសចិនអស់រយៈពេល១៥ឆ្នាំ ។ លោកបានសង្កេតឃើញថា នៅក្រុង Wuhan ប្រទេសចិន មិនថាមនុស្សចាស់ជរាជួបជុំគ្នានៅសួនឧទ្យានឬទីលាននៅពេលយប់ ឬក៏យុវជនលេងក្តាររអិលនិងសម្តែងសិល្បៈតាមរយៈក្រុមតន្រ្តីក៏ដោយ សុទ្ធតែមិនបាច់ព្រួយបារម្ភពីសុវត្ថិភាពអាយុជីវិតឬទ្រព្យសម្បត្តិឡើយ ស្ថានភាពគ្មានអំពើហិង្សាចាប់ពីពេលថ្ងៃរហូតដល់ពេលយប់បែបនេះបានបន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ជនបរទេស ។
នៅថ្ងៃឈប់សម្រាក”១ ឧសភា”ឆ្នាំនេះ ក្រោមការគាំទ្រនៃគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិន ការចូលធ្វើទេសចរណ៍នៅតំបន់នានានៃប្រទេសចិនបានបន្តកើនឡើង ហើយអ្នកទេសចរបរទេសកាន់តែច្រើនឡើងៗបានធ្វើទេសចរណ៍ស៊ីជម្រៅនៅប្រទេសចិន ដោយបានដកបទពិសោធដោយផ្ទាល់ពី”អារម្មណ៍សុវត្ថិភាពបែបចិន” ។ ទស្សនាវដ្តី《Tourism Review》ដែលជាប្រព័ន្ធសារព័ត៌មានអង់គ្លេសបានលើកឡើងថា ទន្ទឹមនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរបរទេសគ្រប់រូបដែលធ្លាប់ដកបទពិសោធពីចំណងមេត្រីភាព ភាពងាយស្រួលនិងសេវាកម្ម
ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅប្រទេសចិន សុទ្ធតែបានផ្នត់គំនិតចាស់របស់ជនបរទេសចំពោះប្រទេសចិនបន្តិចម្តងៗ ។ តាមទិន្នន័យថ្មីបំផុតដែលប្រកាសដោយក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ពិភពលោក(WTTC)បានបង្ហាញថា នៅឆ្នាំ២០២៥ តម្លៃផលិតផលខាងសេដ្ឋកិច្ចទេសចរណ៍របស់ចិនបានកើនឡើង៩,៩ភាគរយដែលស្មើនឹងជាងពីរដងនៃកម្រិតមធ្យមសកល ។ វេបសាយ«Travel and Tour World»របស់អាមេរិកបានចុះផ្សាយអត្ថបទថា ចិនកំពុងក្លាយជាគោលដៅទេសចរណ៍ដែលអ្នកទេសចរអន្តរជាតិចង់ទៅលេងកម្សាន្ត ។
“អារម្មណ៍សុវត្ថិភាពបែបចិន”មិនត្រឹមតែបានពង្រីកការដកបទពិសោធរបស់ភ្ញៀវទេសចរបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញខ្សែសង្វាក់ប្រើប្រាស់នៃការចូលធ្វើទេសចរណ៍ក្នុងដែនចិនផងដែរ ដែលបានបង្កើតភាពរស់រវើកក្នុងទីផ្សារសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន ។ ប្រឈមមុខនឹង”អារម្មណ៍សុវត្ថិភាពបែបចិន”ដែលជា”ម៉ាកយីហោដ៏ល្បីឈ្មោះ”នេះ មជ្ឈដ្ឋានឧស្សាហកម្មទេសចរណ៍គួរតែចាត់វិធានការដោយស្វ័យម្ចាស់ការដើម្បីពង្រឹងនិងពង្រីកការចូលធ្វើទេសចរណ៍ក្នុងដែនចិនបន្ថែមទៀតនិងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន ដើម្បីធ្វើឱ្យ”អារម្មណ៍សុវត្ថិភាពបែបចិន”ត្រូវបង្ហាញឱ្យឃើញនៅក្នុងរាល់ការទិញសំបុត្រ រាល់ការចូលស្នាក់នៅក្នុងសណ្ឋាគារ រាល់ការប្រឹក្សាយោបល់និងរាល់ការប្រើប្រាស់ទាំងអស់ ៕

