គំនិតផ្តួចផ្តើមសាកលរបស់ចិន ជាការទ្រទ្រង់ដ៏សំខាន់សម្រាប់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ
Cambodia News
ខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន (Communist Party of China – CPC) គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់បក្សក្នុងរយៈពេលជាងមួយសតវត្សរ៍ និងការកើនឡើងនៃតួនាទីរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ។ ពីបក្សដែលមានសមាជិកតែជាង ៥០ នាក់នៅឆ្នាំ១៩២១ CPC បានក្លាយជាបក្សកាន់អំណាចដែលមានសមាជិកជាង ១០០ លាននាក់ និងដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២របស់ពិភពលោក។ ក្រោមការដឹកនាំរបស់អគ្គលេខាធិការ Xi Jinping ចាប់តាំងពីឆ្នាំ២០១២ ប្រទេសចិនបានបង្កើតក្របខណ្ឌទ្រឹស្តី និងគោលនយោបាយថ្មីសម្រាប់ការអភិវឌ្ឍជាតិ និងការចូលរួមក្នុងកិច្ចការអន្តរជាតិ។ ក្នុងចំណោមគំនិតសំខាន់ៗ គឺ គំនិត Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនសម្រាប់យុគសម័យថ្មី (Xi Jinping Thought on Socialism with Chinese Characteristics for a New Era) និង គំនិតកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ (Community with a Shared Future for Mankind) ដែលជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមសកលជាច្រើនរបស់ប្រទេសចិន។
ការផ្ញើសារអបអរសាទរពីមេដឹកនាំ និងគណបក្សនយោបាយជាច្រើនជុំវិញពិភពលោក ក្នុងឱកាសខួប១០៥ឆ្នាំនេះ បង្ហាញថា ប្រទេស និងអង្គការមួយចំនួនបានទទួលស្គាល់តួនាទីរបស់ CPC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈដែលទស្សនៈ និងគោលនយោបាយទាំងនេះក៏បន្តជាប្រធានបទនៃការពិភាក្សា និងការវាយតម្លៃក្នុងសហគមន៍អន្តរជាតិផងដែរ។ បើយើងក្រឡេកមើលនៅក្នុងសមាជលើកទី១៩ នៃ CPC ឆ្នាំ២០១៧ គំនិត
របស់លោក Xi Jinping ត្រូវបានបញ្ចូលក្នុងធម្មនុញ្ញបក្ស ហើយនៅឆ្នាំ២០១៨ ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញចិន។ គំនិតនេះត្រូវបានចាត់ទុកជាទ្រឹស្តីដឹកនាំសំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។ បើប្រៀបធៀបនឹងគំរូអភិវឌ្ឍដែលផ្តោតលើការប្រកួតប្រជែងសេរី គំនិតនេះសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋក្នុងការរៀបចំផែនការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពបច្ចេកវិទ្យាជាតិ។ គំនិត “សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ត្រូវបានលោក Xi Jinping លើកឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៣ និងបានក្លាយជាគោលគំនិតស្នូលនៃការទូតរបស់ប្រទេសចិន។ ទស្សនៈនេះផ្អែកលើការយល់ឃើញថា នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម ប្រទេសនានាមានការពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត សន្តិសុខស្បៀង ថាមពល ភេរវកម្ម និងបច្ចេកវិទ្យាថ្មី ដែលមិនអាចដោះស្រាយដោយប្រទេសណាមួយតែម្នាក់ឯងបានទេ។ ទស្សនៈនេះមានការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជាការរក្សាសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោក Xi Jinping បានដាក់ចេញគំនិតផ្តួចផ្តើមសកលចំនួនបួន ដែលត្រូវបានចិនចាត់ទុកថាជាក្របខណ្ឌគោលនយោបាយសម្រាប់ការឆ្លើយតបនឹងបញ្ហាសកល រួមមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល គំនិតផ្តួចផ្តើមអរិយធម៌សាកល និង គំនិតផ្តួចផ្តើមអភិបាលបញ្ហាសិប្បនិម្មិតសាកល ដែលតាមទស្សនៈរបស់ចិន គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងបំពេញបន្ថែមដល់ស្ថាប័នពហុភាគីដែលមានស្រាប់ និងជំរុញការសម្របសម្រួលលើបញ្ហាសកល។
តាមរយៈគំនិតផ្តួចផ្តើមសាកលទាំងអស់នេះ ប្រទេសចិនចិន ត្រូវបានគេមើលឃើញថា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល ក៏ដូចជាការរួមចំណែកដែលត្រូវបានលើកឡើងជាញឹកញាប់រួមមានការគាំទ្រពហុភាគីនិយម និងតួនាទីរបស់អង្គការសហប្រជាជាតិ ការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការគាំទ្រការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ការពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង (South-South Cooperation) និង ការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative)។ អង្គការសហប្រជាជាតិ និងទីភ្នាក់ងារមួយចំនួនរបស់ខ្លួនក៏បានសហការជាមួយចិនលើវិស័យដូចជា ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍបៃតង សុខាភិបាល និងការប្រែប្រួលអាកាសធាតុ។
សម្រាប់កម្ពុជា គំនិតផ្តួចផ្តើមសកលរបស់លោក Xi Jinping អាចបង្កើតឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មទំនើប ការអប់រំ សុខាភិបាល និងការអភិវឌ្ឍបៃតង។ ការតម្រឹមគម្រោងសហប្រតិបត្តិការជាមួយគោលដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) អាចជួយបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។
ខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន ជាឱកាសមួយបង្ហាញឱ្យពិភពលោកអាចវាយតម្លៃពីតួនាទីរបស់ CPC ក្នុងការអភិវឌ្ឍប្រទេសចិន និងការចូលរួមក្នុងកិច្ចការអន្តរជាតិ។ គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនសម្រាប់យុគសម័យថ្មី សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមសកលទាំងបួន បង្កើតបានជាក្របខណ្ឌទស្សនៈដែលចិនលើកឡើងសម្រាប់ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
