ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន
Cambodia News
ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសមាគមមិត្តភាពកម្ពុជា-ចិន ក្នុងឱកាសប្រារព្ធខួប២ឆ្នាំនៃ ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ កម្មវិធីវេទិកាសន្ទនាពិសេសមួយត្រូវបានរៀបចំឡើង ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងយុវជនកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ស្តីពីតួនាទីនៃការសន្ទនារវាងអរិយធម៌ក្នុងការពង្រឹង សន្តិភាព ការយោគយល់គ្នា និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការសន្ទនា រវាងអរិយធម៌គឺជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ប្រជាជននៃប្រទេសផ្សេងៗឱ្យកាន់តែមានភាពជិតស្និទ្ធ និងយោគ យល់គ្នាទៅវិញទៅមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនមានប្រវត្តិយូរអង្វែងរាប់ពាន់ឆ្នាំ ហើយ ការផ្លាស់ប្តូរផ្នែកវប្បធម៌ អប់រំ និងប្រជាជនជាមួយប្រជាជន បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
ជាមួយគ្នានេះ លោក Chen Cong អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អរិយធម៌នីមួយៗមានតម្លៃ និងអត្តសញ្ញាណពិសេសរៀងៗខ្លួន។ លោកបានសង្កត់ធ្ងន់ថា ការគោរពភាពខុសគ្នា ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការរួមរស់ប្រកបដោយសុខដុមរមនា គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសន្តិភាពពិភពលោក។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងកម្ពុជា និងចិន ដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបាននិពន្ធនិងបោះពុម្ពសៀវភៅ ស្តីពី «គំនិតផ្តួចផ្តើមអរិយធម៌សកល» បានជម្រាបថា វេទិកានេះជាការឆ្លើយតបនឹងគោលគំនិតផ្តួចផ្តើមអរិយធម៌ សកលដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ហើយវេទិកា ថ្ងៃនេះបានទទួលនូវពុទ្ធិនិងអនុសាសន៍ជាច្រើនពីវាគ្មិនជំនាញជាច្រើនរូបបានចែករំលែកទស្សនៈដ៏មានតម្លៃជុំវិញប្រធានបទ «ការសន្ទនារវាងអរិយធម៌ និងការកសាងអនាគតរួម» ដែលក្នុងនោះ៖
លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានលើកឡើងថា ការសន្ទនារវាងអរិយធម៌ មិនមែនជាការប្រកួតប្រជែងនៃវប្បធម៌នោះទេ ប៉ុន្តែជាការបំពេញបន្ថែមគ្នា និងជំរុញការរៀនសូត្រពីគ្នាទៅវិញ ទៅមក ដើម្បីបង្កើតសង្គមមួយដែលមានការគោរពភាពចម្រុះ និងការយោគយល់គ្នាកាន់តែប្រសើរ។
លោក ឡៅ ម៉េង សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន បានបង្ហាញថា ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានសម្រាប់ការពង្រឹងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលក្នុងនោះតួនាទីនៃបច្ចេកវិទ្យា ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការលើកកម្ពស់ការសន្ទនារវាងអរិយធម៌ និងការកសាងសង្គមប្រកប ដោយបរិយាបន្ន។
កញ្ញា ថាន រស្មី អ្នកសារព័ត៌មានអាជីពនៃ Fresh News បានលើកឡើងពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការ ផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងជំរុញការយល់ដឹងអំពីវប្បធម៌ និងអរិយធម៌ផ្សេងៗ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងលើកកម្ពស់ការយោគយល់គ្នា។
លោក Yu Hetao នាយកសាលារៀនទួនហ្វា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការរៀនភាសា ក្នុងការបង្កើតស្ពានទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ។
លោក Zhang Lin នាយកភាគីចិននៃវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងថា វិទ្យាស្ថានខុងជឺបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយភាសា និងវប្បធម៌ចិននៅកម្ពុជា និងជំរុញការផ្លាស់ប្តូរ វប្បធម៌រវាងប្រជាជនទាំងពីរ។
បន្ទាប់ពីកិច្ចពិភាក្សា វេទិកាតុមូលមួយត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីយុវជនកម្ពុជា-ចិនចំនួន៤រូប រួមមាន លោក ហេរ តូប៉ូកូហ្ស៊ី, លោក ឈឿន រស្មី, លោក តាំង ពេងលី និង កញ្ញា Li Xianzhen ដែលបានឆ្លើយសំណួរ និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការសន្ទនារវាងអរិយធម៌។ យុវជនទាំងបួន បានបង្ហាញទស្សនៈស្រដៀងគ្នាថា ការផ្លាស់ប្តូរវប្បធម៌ ការសិក្សាភាសាបរទេស និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹងការយោគយល់គ្នារវាងប្រជាជននៃប្រទេសផ្សេងៗ។
អង្គពិធីទាំងមូលសុទ្ធតែបានយល់ស្របគ្នាថា យុវជនជំនាន់ក្រោយគួរបន្តសិក្សាឈ្វេងយល់អំពីអរិយធម៌ និងវប្បធម៌ នានា ដើម្បីរួមចំណែកដល់ការកសាងពិភពលោកមួយដែលមានសន្តិភាព និងភាពសុខដុមរមនា ហើយរួមគ្នាប្តេជ្ញា ចិត្តរួមគ្នាក្នុងការលើកកម្ពស់ការសន្ទនារវាងអរិយធម៌ ការគោរពភាពចម្រុះវប្បធម៌ និងការពង្រឹងចំណងមិត្តភាព ឱ្យកាន់តែរឹងមាំ និងយូរអង្វែង រវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន៕

