ឯកឧត្តម ជា វ៉ាន់ដេត ជំរុញឱ្យនិស្សិតជំនាន់ថ្មី ក្លាយជាអ្នកដឹកនាំក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល

 Cambodia News

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឱ្យនិស្សិតជំនាន់ថ្មី ក្លាយជាអ្នកដឹកនាំក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ខណៈប្រទេសកម្ពុជា កំពុងត្រូវការធនធានមនុស្សដែលមានទាំងជំនាញ សមត្ថភាពសម្របខ្លួន គុណធម៌ និងចក្ខុវិស័យវែងឆ្ងាយ។

ឯកឧត្តម ជា វ៉ាន់ដេត ក៏បានជំរុញឱ្យយុវជនកម្ពុជា បន្តអភិវឌ្ឍខ្លួនជាប្រចាំ ក្លាយជាអ្នកចូលរួមសកម្មក្នុងការបង្កើតដំណោះស្រាយថ្មីៗសម្រាប់សង្គម និងប្រកាន់ខ្ជាប់នូវភាពសុចរិតក្នុងភាពជាអ្នកដឹកនាំ។

ការជំរុញនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាជំនាន់ទី១០ របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម បានគូសបញ្ជាក់ថា ពិភពលោកកំពុងឈានចូលសម័យថ្មី ដែលដឹកនាំដោយបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្អែកលើទិន្នន័យ ដែលមិនត្រឹមតែកែប្រែវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែកំពុងផ្លាស់ប្តូររបៀបដំណើរការរបស់រដ្ឋាភិបាល ការប្រកួតប្រជែងរវាងប្រទេស និងសង្គមទាំងមូលផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចាត់ទុកវិស័យអប់រំថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងធនធានមនុស្សឌីជីថល ដោយបានអះអាងថា សាកលវិទ្យាល័យនាពេលបច្ចុប្បន្ន មិនអាចត្រឹមជាកន្លែងផ្តល់ចំណេះដឹងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ បច្ចេកវិទ្យា និងការបណ្តុះសមត្ថភាពឌីជីថល។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងការកោតសរសើរ សាកលវិទ្យាល័យ AUPP ក្នុងការបង្កើតឱកាសអន្តរជាតិសម្រាប់យុវជនកម្ពុជា តាមរយៈកម្មវិធីហាត់ការ ការផ្លាស់ប្តូរការសិក្សា និងជាពិសេសកម្មវិធី Japanese IT Pathway Program ដែលបានបញ្ជូននិស្សិតកម្ពុជាទៅទទួលបទពិសោធន៍ការងារនៅប្រទេសជប៉ុន។ ក្រៅពីនេះ អតីតនិស្សិត AUPP ជាច្រើន បានបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលរបស់ពិភពលោក រួមមាន Harvard, Stanford, Columbia, Yale និងសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស។

ឯកឧត្តមថែមទាំងបានសង្កត់ធ្ងន់ថា អនាគតកម្ពុជា មិនមែនកំណត់ដោយបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែនឹងត្រូវកំណត់ដោយប្រជាជនកម្ពុជាដែលចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបញ្ញាញាណ។ អនាគតកម្ពុជា មិនមែនកំណត់ដោយល្បឿននវានុវត្តន៍ទេ ប៉ុន្តែនឹងត្រូវមើលថា យើងអាចតម្រង់ទិសនវានុវត្តន៍ទាំងអស់ឱ្យត្រូវនឹងគុណតម្លៃនិងចក្ខុវិស័យរួមរបស់យើងបានប៉ុណ្ណា។ អនាគតកម្ពុជា មិនមែនកំណត់ដោយអ្នកដែលអង្គុយចាំការរីកចម្រើនទេ ប៉ុន្តែនឹងត្រូវកំណត់ដោយអ្នកដែលមានទឹកចិត្តមោះមុតក្នុងការដឹកនាំឱ្យមានការរីកចម្រើនទាំងនោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close