បទវិភាគ​៖​ខួបទី៨០នៃ​ការបើក​សវនាការ​អង្គជំនុំ​ជម្រះនៅ​ក្រុងតូក្យូ ​៖ ប្រវត្តិសាស្ត្រ​មិនអនុញ្ញាតឱ្យ​ “គោរព​បូជាខ្មោច” ​

Cambodia News

ការកាត់ក្តីជា​ប្រវត្តិសាស្ត្រ​នៃសវនាការអង្គ​ជំនុំជម្រះ​ក្តីនៅ​ក្រុងតូក្យូ​មិនត្រូវ​បំភ្លៃ​បានទេ​ ហើយ​មូលដ្ឋាន​គ្រឹះនៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់ពី​​សង្គ្រាមលោក​លើកទីពីរ​ក៏មិន​ត្រូវ​បំផ្លិចបំផ្លាញ​បានដែរ ។​ ប្រសិនបើ​ជន​ណាមួយឬ​កម្លាំងណាមួយ​​ប៉ុនប៉ង​បដិសោធ​ចំពោះ​សង្គ្រាម​ឈ្លានពាន នោះ​មុខជានឹង​ត្រូវជំនុំ​ជម្រះក្តីក្នុង​តុលាការ​ប្រវត្តិសាស្ត្រ​ម្តងទៀត​ជាក់ជា​មិនខាន!

កាលពីថ្ងៃទី​ ៣ ខែឧសភា​ ឆ្នាំ ១៩៤៦ ​នៅសាលប្រជុំ​នៃសាលាមន្ត្រី​ទ័ពជើងគោក​របស់​ជប៉ុន​ក្នុងទីក្រុងតូក្យូ​  អង្គជំនុំ​ជម្រះជា​សមូហភាពលើ​ឧក្រិដ្ឋជន​សង្គ្រាម​ថ្នាក់​ A របស់​ជប៉ុន​នៃ​សង្គ្រាម​លោក​លើកទី២​ត្រូវបាន​បើកសវនាការ ។ ​​ឆ្លងកាត់​រយៈពេល​ពីរឆ្នាំកន្លះ​ ចៅក្រម​និង​មន្ត្រីអយ្យាការ​មកពីប្រទេស​ចំនួន១១​បានធ្វើការជំនុំ​ជម្រះនិង​ដេញដោល​ផ្លូវច្បាប់​ចំពោះសង្គ្រាម​ឈ្លានពានដែល​បំផុសដោយ​ជប៉ុន ​។ ចៅក្រមចិន​លោក​ ‌Mei Ju-ao និង​មន្ត្រី​អយ្យាការចិន​លោក​ Xiang Zhejun ​ជាដើម​បានខិតខំ​ប្រឹងប្រែង​យ៉ាងលំបាក​ ហើយទីបំផុត ​ជនជាប់ចោទ​ចំនួន ២៥ នាក់​សុទ្ធតែត្រូវបាន​កាត់ក្តីថា ​មានទោស ​។ ​យោធានិយមជប៉ុន​ត្រូវ​បានផ្សារ​ភ្ជាប់​ជា​មួយ​ភាព​អាម៉ាសនៃ​ប្រវត្តិសាស្រ្ត​ជារៀងរហូត!
៨០ ឆ្នាំ​កន្លងផុតទៅ​ ស្ថានការណ៍​អន្តរជាតិ​បានប្រែប្រួល​យ៉ាងខ្លាំង ​។ ទស្សនៈប្រវត្តិសាស្ត្រ​ខុសឆ្គង​ដែលបដិសេធ​សមិទ្ធផល​ជ័យជំនះ​នៃសង្គ្រាម​លោកលើកទីពីរ​បានងើប​ឡើង​វិញ ​”​យោធានិយម​បែបថ្មី​” របស់ជប៉ុន​កំពុងបង្ក​ការគំរាមកំហែង​ជាក់ស្តែង​ ។ ពេលថ្មីៗ​កន្លងទៅ​នេះ ​ប្រទេស​ជាច្រើន​រួមមាន​ទាំងប្រទេសចិន​បានរៀបចំ​ធ្វើសកម្មភាព​រំលឹក​មួយចំនួន​ ដើម្បី​រំលឹក​ឡើងវិញ​នូវ​អត្ថន័យ​ប្រវត្តិសាស្ត្រ​នៃសវនាការ​ជំនុំជម្រះ​ក្រុងតូក្យូ ​និងមិន​អនុញ្ញាតឱ្យ​​យោធានិយម​ជប៉ុន​ងើបឡើងវិញ​ជាដាច់ខាត ។
បើមើលពី​​ការកាត់ក្តី​ជាប្រវត្តិសាស្ត្រ​ សវនាការ​ជំនុំជម្រះ​ក្រុងតូក្យូបាន​កាត់​ក្តីដោយផ្អែក​លើ​ភស្តុតាង​ជាច្រើន​លើសលប់ ​និងតក្កវិជ្ជា​ច្បាប់យ៉ាង​ហ្មត់ចត់ថា​ ​យោធានិយម​ជប៉ុនបាន​បំផុស​សង្គ្រាម​ឈ្លានពាន​និងបំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ច្បាប់អន្តរជាតិ ​។ នេះបាន​ដាស់តឿន​អ្នកផងទាំង​ពួងថា ការកាត់ក្តី​ដ៏ត្រឹមត្រូវ​មិនអនុញ្ញាត​រងការប្រមាថ​បានទេ ​ហើយ​ចាំបាច់ត្រូវ​ការពារ​ការពិត​ជាក់ស្តែង​នៃប្រវត្តិសាស្ត្រ​ ។
ប៉ុន្តែ ដោយសារ​មូលហេតុដូចជា​ការផ្ទុះឡើងនៃ​សង្គ្រាមត្រជាក់​ជាដើម ​យោធានិយម​ជប៉ុនមិនត្រូវបាន​​ជំនុំជម្រះ​ទាំងស្រុងទេ​ ដែល​បន្សល់ទុក​ការសោកស្តាយ​​ក្នុង​ប្រវត្តិសាស្ត្រ ​។ ​ឧក្រិដ្ឋជន​សង្គ្រាមជាច្រើន​នាក់​នៅមិនទាន់​ត្រូវបាន​ផ្តន្ទាទោសទេ​ ហើយ​ឧក្រិដ្ឋជន​សង្គ្រាម​មួយចំនួន​បានវិលត្រឡប់​​ឆាកនយោបាយ​វិញបន្ទាប់ពី​ត្រូវ​ដោះលែង ​ដែលបាន​ផ្តល់​ជីវជាតិ​សម្រាប់​ការ​ងើប​ឡើងវិញនៃ​​យោធានិយមជប៉ុន ​។ នៅឆ្នាំ ១៩៧៨ ​ផ្លាក​ព្រលឹង​នៃឧក្រិដ្ឋជនសង្គ្រាម​​ថ្នាក់ A ​ចំនួន ១៤ នាក់​ត្រូវបាន​បញ្ចូលទុកដាក់​រួមគ្នាក្នុងស្តូប​យ៉ាស៊ូគូនី ​ចាប់តាំងពី​ពេលនោះមក ​”ការគោរព​បូជាខ្មោច” បាន​ក្លាយជា​ការសម្តែង​នយោបាយដ៏ធំ​មួយ​របស់កម្លាំង​ស្តាំនិយមជប៉ុន​ដើម្បី​បដិសេធ​ប្រវត្តិសាស្ត្រ​ឈ្លានពាន ​។ ក្នុង​នោះ ពាក្យសម្តី​និងទង្វើ​របស់លោកស្រី ​Sanae Takaichi ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់ជប៉ុន​គឺ​អាក្រក់​បំផុត ។
លោកស្រី​បាន​បដិសេធ​ជាច្រើន​លើកចំពោះ​ហេតុការណ៍​សម្លាប់រង្គាល​នៅក្រុង ​Nanjing  ហើយ​ចាប់ពី​ឆ្នាំ ២០១៤ ​រហូតមកដល់​បច្ចុប្បន្ន បាន​ទៅគោរព​ស្តូបយ៉ាស៊ូគូនី​ជាង ១០ លើក ​។ ពេលថ្មីៗ​កន្លងទៅនេះ ​លោកស្រីបាន​ថ្វាយគ្រឿង​សក្ការបូជា​ និងបច្ច័យ ដល់​ស្តូប​យ៉ាស៊ូគូនី​​ក្នុងនាមជា​នាយករដ្ឋមន្ត្រី​ដែលបង្កឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ទាំងក្នុងនិង​ក្រៅប្រទេស ។
បើមើលពី​​ចក្ខុវិស័យ​ប្រវត្តិសាស្ត្រ​​កាន់តែ​ទូលំទូលាយ ​​សវនាការ​អង្គជំនុំ​ជម្រះនៅ​ក្រុងតូក្យូ ​គឺជា​ការអនុវត្ត​ជាក់ស្តែង​អនុលោម​តាមការកំណត់​នៃ​《សេចក្តីប្រកាស​ក្រុងគែរ》និង​《សេចក្តីប្រកាស​​ក្រុង Potsdam​ 》  ដែល​ឆ្លុះបញ្ចាំង​ពីឆន្ទៈរួម​របស់ប្រទេស​ជ័យជំនះ​និងជនរង​គ្រោះ​ ក្នុងន័យ​ការពារ​សមិទ្ធផល​ជ័យជំនះនៃ​សង្គ្រាម​លោកលើកទីពីរ​ ហើយបាន​តាំង​មូលដ្ឋាន​​ច្បាប់និង​នយោបាយ​ដ៏សំខាន់​សម្រាប់​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​​បន្ទាប់ពី​សង្គ្រាម​លោកលើក​ទីពីរ​​និងការពារ​យុត្តិធម៌​និងសច្ចភាព​អន្តរជាតិ ។
បច្ចុប្បន្ននេះ​ រដ្ឋាភិបាល​លោកស្រី​ Sanae Takaichi ​កំពុង​ពន្លឿន​ការជំរុញ​ “​យោធានិយម​បែបថ្មី” ​ដោយបន្ត​បង្ករឿងចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់ពី​សង្គ្រាមលោក​លើកទីពីរ ។ ​ពីការបង្កើន​ថវិកា​ការពារជាតិ​យ៉ាងច្រើន ​រហូតដល់​ការអនុញ្ញាតឱ្យ​នាំចេញអាវុធ​ប្រល័យ​លោក​ ពីការបង្កើនល្បឿន​​ការ​ដាក់ពង្រាយ​អាវុធវាយប្រហារ​ រហូតដល់​ការឃោសនា​បំប៉ោងពី ​”ការមាន​អាវុធនុយក្លេអ៊ែរ​” ពីការជំរុញ​ការធ្វើ​វិសោធនកម្ម​ “គោលការណ៍​ការពារ​សន្តិសុខ​ចំនួនបី”​ រហូតដល់​ការអួតថា ​”ត្រៀមលក្ខណៈ​សម្រាប់​ការ​ធ្វើ​សង្គ្រាម​រយៈពេល​វែង​” ​សកម្មភាព​មាលក្ខណៈ​​គ្រោះថ្នាក់ជា​បន្តបន្ទាប់​របស់​ជប៉ុន​ដើម្បី​​បង្កើនល្បឿន​ “ការធ្វើ​យោធូបនីយកម្ម​ឡើងវិញ​” បណ្តាល​ឱ្យសហគមន៍​អន្តរជាតិ​​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ថ្កោលទោស ។

ការកាត់ក្តីជា​ប្រវត្តិសាស្ត្រ​នៃសវនាការអង្គ​ជំនុំជម្រះ​ក្តីនៅ​ក្រុងតូក្យូ​មិនត្រូវ​បំភ្លៃ​បានទេ​ ហើយ​មូលដ្ឋាន​គ្រឹះនៃ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់ពី​​សង្គ្រាមលោក​លើកទីពីរ​ក៏មិន​ត្រូវ​បំផ្លិចបំផ្លាញ​បានដែរ ។​ ប្រសិនបើ​ជន​ណាមួយឬ​កម្លាំងណាមួយ​​ប៉ុនប៉ង​បដិសោធ​ចំពោះ​សង្គ្រាម​ឈ្លានពាន នោះ​មុខជានឹង​ត្រូវជំនុំ​ជម្រះក្តីក្នុង​តុលាការ​ប្រវត្តិសាស្ត្រ​ម្តងទៀត​ជាក់ជា​មិនខាន!៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close