កុប្បករ​​អ៊ីស្លាម​បង់ក្លាដែស​ដុតបំផ្លាញ​វត្ត​ពុទ្ធសាសនា ដោយសារតែ​រឿង​រូបថត​លើ​ហ្វេសប៊ុក

នៅថ្ងៃអាទិត្យនេះអ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បាននាំគ្នាដុតបំផ្លាញ ផ្ទះ និងវត្តពុទ្ធសាសនាជាច្រើនកន្លែង នៅខេត្តប៉ែកអាគ្នេយ៍នៃប្រទេសបង់ ក្លាដែស ដោយសារតែរឿងរូបថតចុះផ្សាយលើហ្វេសប៊ុក ដែលពួកអ្នកកាន់ សាសនាអ៊ីស្លាមចោទថាជារូបថតដែលមានអត្ថន័យប្រមាថសាសនារបស់ពួក គេ។

មន្រ្តីអាជ្ញាធរដែនដី នៅខេត្តប៉ែកអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ក្រុមកុប្បករអ៊ីស្លាមមានគ្នាប្រមាណជា ២ម៉ឺន ៥ពាន់នាក់ បាននាំគ្នាដុតបំផ្លាញវត្តពុទ្ធសាសនាយ៉ាងតិច ៥កន្លែង និងផ្ទះជាច្រើនខ្នង ចាប់តាំងពីកណ្តាលអធ្រាត រហូតដល់ព្រឹកថ្ងៃអាទិត្យ។ ក្នុង ចំណោមវត្តដែលត្រូវដុតបំផ្លាញនេះ មានខ្លះជាវត្តបុរាណ ដែលចំណាស់រាប់ រយឆ្នាំមកហើយ។

ដើមហេតុនៃអំពើហិង្សានេះ គឺកើតចេញពីរូបថតនៅលើទំព័រហ្វេសប៊ុក។ ក្រុមកុប្បករ អ៊ីស្លាមបានអះអាងថា បុរសអ្នកកាន់ពុទ្ធសាសនាម្នាក់ ដែលរស់នៅក្នុងតំបន់ នោះបានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក នូវរូបថតដែលមានអត្ថន័យប្រមាថ គម្ពីរ កូរ៉ាន ដែលជាគម្ពីរពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ីស្លាម។

ក៏ប៉ុន្តែ អ្នកកាសែតបង់ក្លាដែសម្នាក់ ដែលបានទៅយកការណ៍ដោយផ្ទាល់ នៅកន្លែងកើតហេតុបានអះអាងថា នៅក្នុងអំឡុងកុប្បកម្មនេះ មានកុប្បករ ខ្លះបានឆ្លៀតលួចយកពីវត្ត នូវរូបចម្លាក់ព្រះពុទ្ធ ព្រមទាំងវត្ថុមានតម្លៃ ផ្សេងៗទៀត។ ហាងទំនិញរបស់អ្នកកាន់ពុទ្ធសាសនា ក៏ត្រូវក្រុមកុប្បករវាយ បំផ្លាញ និងលួចយកទំនិញដែរ។

អាជ្ញាធរបង់ក្លាដែសបានឲ្យដឹងថា នៅពេលនេះ អាជ្ញាធរបានចេញបម្រាមជា បណ្តោះអាសន្ន មិនឲ្យមានការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដើម្បីបង្ការកុំឲ្យ មានអំពើហិង្សាជាថ្មីទៀត។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងអគ្គស្នងការប៉ូលិសបង់ ក្លាដែស បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ តាំងពីព្រឹកថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ក្នុងចំណោមប្រជាជនបង់ក្លាដែស ទាំងជាង ១៥០លាននាក់ មាន ៩០% កាន់សាសនាអ៊ីស្លាម ហើយមិនដល់ ១% ផង ដែលកាន់ពុទ្ធសាសនា ហើយ ភាគច្រើនរស់នៅតាមបណ្តាខេត្តប៉ែកអាគ្នេយ៍ ជាប់នឹងប្រទេសភូមា។ កន្លងមក គេធ្លាប់តែឃើញមានអំពើហិង្សា រវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និង អ្នកកាន់សាសនាហិណ្ឌូ។ ឯជម្លោះ និងការប៉ះទង្គិចគ្នាជាមួយអ្នក កាន់ ពុទ្ធសាសនា គឺជារឿងដែលកម្រនឹងឃើញមាន។ ក៏ប៉ុន្តែ ភាពតានតឹងរវាងអ្នកកាន់ សាសនាអ៊ីស្លាម និងអ្នកកាន់ពុទ្ធសាសនាបានកើតមានឡើងខ្លាំង ក្រោយពីការ ប៉ះទង្គិចគ្នា រវាងអ្នកកាន់ពុទ្ធសាសនា និងសហគមន៍អ៊ីស្លាម រ៉ូហ៊ីងយ៉ា នៅភូមា កាលពីខែមិថុនាកន្លងទៅ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close