ការ​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា​យេនឌ័រ​របស់​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់

ដោយ ហេង នាង

Cambodia News

ភ្នំពេញ៖ ដោយមានតួនាទីដ៏សំខាន់នៅក្នុងថ្នាក់មូលដ្ឋាន ដែលនៅគៀកនឹងប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពិតជាអាចចូលរួមចំណែកជួយទប់ស្កាត់អំពើហិង្សាគ្រប់ប្រភេទមានបាន ដែលក្នុងនោះមានហិង្សាលើរូបរាងកាយ ហិង្សាលើផ្នែកសតិអារម្មណ៍ ហិង្សាលើផ្នែកសេដ្ឋកិច្ច ហិង្សាលើផ្លូវភេទ រឺការបៀតបៀនផ្លូវភេទ។

ដោយមើឃើញតួនាទីដ៏សំខាន់នេះ អង្គការវិទ្យាស្ថានបើកទូលាយកាលពីពេលថ្មីៗនេះបានរៀបចំកិច្ចប្រជុំលើកដំបូងមួយ ដោយផ្តោតលើការពិភាក្សាពីហិង្សានេះ ពិសេសហិង្សាយេនឌ័រ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នានា។

កញ្ញា សេង បូរី មន្រ្តីគ្រប់គ្រងគម្រោងទប់ស្កាត់អំពើហិង្សាលើស្រ្តីរបស់អង្គការវិទ្យាស្ថានបើកទូលាយបាននិយាយថា គោលបំណងនៃការពិភាក្សានេះគឺដើម្បីប្រមូលផ្តុំគំនិត និងពង្រឹងសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងអង្គការសិទ្ធិស្ត្រី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ តាមដានការអនុវត្តផែនការសកម្មភាពជាតិ ដើម្បីបញ្ឈប់ហិង្សាលើស្ត្រី។

កញ្ញាបានបញ្ជាក់ថា ការពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃទី ៣១ សីហា កន្លងទៅបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មភាព និងជាមធ្យោបាយមួយដែលនាំឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍរបស់ប្រទេស ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សផងដែរ។

គួររំលឹកដែរថា អង្គការវិទ្យាស្ថានបើកទូលាយបានប្រតិបត្តិគម្រោងមួយស្ដីអំពី ”ការចូលរួមទប់ស្កាត់អំពើហិង្សាយេនឌ័រនៅកម្ពុជា” ដោយគម្រោងនេះមានបំណងទប់ស្កាត់អំពើហិង្សាយេនឌ័រនៅកម្ពុជា ហើយផ្ដល់ជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងអង្គការស្ត្រីមួយចំនួននូវចំណេះដឹងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ដើម្បីតាមដានការទប់ស្កាត់ និងការឆ្លើយតបទៅលើអំពើហិង្សាលើស្ត្រី។

គម្រោងក៏បង្កើនការយល់ដឹងដ៏ទូលំទូលាយពីមូលហេតុនៃការកើតមានអំពើហិង្សាលើស្ត្រី និងការបង្កើតយន្តការដោះស្រាយក្នុងការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាល ដែលជាចំណុចវិជ្ជមានក្នុងការផ្ដល់ឱកាសឲ្យមានការតាមដានជាសាធារណៈទៅលើយន្តការទប់ស្កាត់អំពើហិង្សាយេនឌ័រនៅកម្ពុជា។

គម្រោងនេះត្រូវបានឧបត្ថម្ភដោយកម្មវិធីស៊ុយអែតសម្រាប់ការអភិវឌ្ឍន៍ ICT  នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER)។ គម្រោងនេះអាចទទួលស្គាល់ជាការសិក្សាដំបូងទៅលើការពិនិត្យយន្តការដោះស្រាយ និងទប់ស្កាត់ របស់រាជរដ្ឋាភិបាលលើអំពើហិង្សាយេនឌ័រ៕

Related Articles

Back to top button
Close
Close