និយ័តករធានារ៉ាប់រងកម្ពុជា បញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍ “ផលិតផ​ល​ធានា​រ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម” ដល់ប្រជាកសិករនៅស្រុកបាកាន

Cambodia News

(ពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម»  ជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញស្រុក គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

សិក្ខាសាលាផ្សព្វផ្សាយនេះមាន​ការ​អញ្ជើញចូល​រួម​ពីលោក  លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ​តំណាង​ ឯកឧត្តម ​ប៊ូ ​ច័ន្ទភីរូ អគ្គ​នាយក​ នៃ​និយ័តក​រធានា​រ៉ាប់​រង​កម្ពុជា ​និង​លោក ជា ហេងឡុង អភិបាលរងនៃគណៈស្រុកបាកាន ​ព្រមទាំង​​អាជ្ញាធ​រមូល​ដ្ឋាន​ ក្រុម​ហ៊ុនធា​នា​រ៉ាប់​រង​ហ្វត​តេ​កម្ពុជា​ និង​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​​ស្ថិត​ក្នុង​ស្រុក​បាកាន​​។

ថ្លែងនៅ​ក្នុង​សិក្ខាសាលានេះ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម។

លោកបានលើកឡើងបន្ថែមទៀតថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៧% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ទំហំទីផ្សារធានារ៉ាប់រងកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ យ៉ាងណាម៉ិញ ទំហំទីផ្សារនេះ បានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា តែប្រមាណ ១.១៣% ហើយដង់ស៊ីតេធានារ៉ាប់រង មានចំនួន ២០,៦៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ក្នុងឆ្នាំ២០២៤ ទឹកប្រាក់សំណងដែលបានទូទាត់ជូនអតិថិជនមានចំនួន ១០៤ លានដុល្លារអាម៉េរិក   ដែលនេះជាភស្ដុតាងបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលក្នុងការអភិវឌ្ឍន៍នាពេលអនាគត។

ក្នុង​ឱកាស​នោះដែរ លោក ជា ហេងឡុង អភិបាលរងស្រុកបាកានសង្ឃឹមថា សិក្ខាសាលាដ៏មាន​សារសំខាន់នៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រងខ្នាតតូចលើដំណាំកសិកម្ម  តាមរយៈការធ្វើបទបង្ហាញដោយផ្ទាល់របស់ក្រុមការងារនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង។ លោកក៏បាន​លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងចូលរួមប្រកបដោយស្មារតីខ្ពស់ ​ទាញយកនូវចំណេះដឹងថ្មីៗពីការផ្លាស់ប្តូរមតិយោបល់ជាមួយនឹងវាគ្មិនជំនាញ  និងអង្គសិក្ខាសាលាទាំងមូល ដើម្បីចូលរួមចំណែកដល់ការជំរុញនិងលើកកម្ពស់ផ្នែកសុខមាលភាព និងហិរញ្ញវត្ថុដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ទាំងអស់ផងដែរ៕

 

Related Articles

Back to top button
Close
Close