ការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យា
Cambodia News
ដូចការគ្រោងទុកសន្និសីទអន្តរជាតិស្តីពី «ការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យាលើបញ្ញាសិប្បនិម្មិត (AI)» នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិនក្នុងសប្តាហ៍នេះហើយ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក លាង ដឺលុច នាយកប្រតិបត្តិ និងលោក សៅ ភិរុណសមាជិកគណៈកម្មាធិការនាយក ក.អ.ក ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់មួយនេះដែលរៀបចំឡើងដោយក្រុមហ៊ុនហួវេ (Huawei) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
«Huawei Connect 2025: All Intelligence» ជាប្រធានបទ ដែលនឹងលើកយកមកពិភាក្សានៅឯកិច្ចប្រជុំកំពូលរបស់អ្នកជំនាញដែលនឹងផ្តោតទៅលើការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត (Artificial Intelligence), យុទ្ធសាស្ត្របច្ចេកវិទ្យា និងអេកូស៊ីស្ទឹម។
អ្នកចូលរួមទាំងអស់ប្រមាណ២ម៉ឺននាក់មកពីជុំវិញពិភពលោក ក្នុងនោះប្រតិភូទៅពីប្រទេសកម្ពុជាមានជិត១០០នាក់នឹងមានឱកាសបានជួបជាមួយអ្នកជំនាញ ក៏ដូចជាដៃគូសហការនានាដោយផ្ទាល់នៅឯសន្និសីទខាងលើ និងការតាំងពិព័ណ៌ផលិតផលបច្ចេកវិទ្យាចុងក្រោយនៅឯមជ្ឈមណ្ឌលសន្និបាត Shanghai World Expo Exhabition & Covention Center និងShanghai Expo Center។
លោក ពុយ គា បានថ្លែងថា «ក្លិបអ្នកកាសែតកម្ពុជា នឹងយកឱកាសចូលរួមកិច្ចប្រជុំខាងលើនេះដើម្បីពង្រឹងទំនាក់ទំនងជាមួយសមាគម និងអ្នកសារព័ត៌មានជាច្រើនទៀតនៅក្នុងពិភពលោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពង្រីកសមត្ថភាព និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើការប្រើប្រាស់ព័ត៌មាន AI»។
យុទ្ធសាស្ត្រ AI Intelligence របស់ Huawei នឹងបន្តពង្រឹងការប្រើប្រាស់ AI នៅគ្រប់ឧស្សាហកម្ម បង្កើតផលិតផលប្រកួតប្រជែង និងសហការជិតស្និទ្ធជាមួយដៃគូ និងអ្នកអភិវឌ្ឍន៍ ដើម្បីផ្តល់ដំណោះស្រាយឆ្លាតវៃតាមតម្រូវការ៕

