ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ កញ្ញា ២០១២នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីករណីដែលអាចបង្កឲ្យមានជំនន់ទឹក ភ្លៀងកើតឡើងនៅតាមបណ្តាខេត្ត មួយចំនួន។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា មានសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប ដែលបានអូសកាត់ និងមានឥទ្ធិពលមកលើ កម្ពុជារយៈពេល២សប្តាហ៍កន្លងមកនេះ នឹងកំពុងបន្តកើតមានក្នុងរយៈពេលប្រមាណ១សប្តាហ៍ទៀត ដោយគិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ កញ្ញា ខាងមុខនេះ។
ក្នុងអំឡុងពេលនេះ និងមានភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្ត មួយចំនួន រួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តកំពត ។
យោងទៅតាមសេចក្តីជូនដំណឹងខាងនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តា ខេត្តខាងលើ ជាពិសេសតំបន់ជាប់នឹងដងស្ទឹងនានា សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់៕