ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​ទៀត​រង​របួស​ធ្ងន់​ម្នាក់​ស្រាល​២​នាក់​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង១៥ នាទីយប់ថ្ងៃទី១០ ធ្នូ ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា ២នាក់ ក្នុងស្ថានភាពស្រវឹង ជិះរំលោភភ្លើងសញ្ញាចរាចរណ៍ ទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល ២នាក់ ស្ថិតនៅចំណុចស្តុបផ្លូវភ្លោះអូរឬស្សី តាមមហាវិថីព្រះមុនីវង្សកែង២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា២នាក់ ក្នុងស្ថានភាពស្រវឹង បើកបរតាមមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម បើកពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ស្តុបខាងលើ ម៉ូតូសង់កូរ៉េបត់ឆ្វេង ដោយគោរពភ្លើងអាទិភាពត្រឹមត្រូវ ដោយឡែកខាងម៉ូតូស្មាសវីរវល់តែស្រវឹង មិនបានគោរពភ្លើងសញ្ញាទេ បើកទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យអ្នកបើកម៉ូតូស្មាសវី រងរបួសធ្ងន់ អ្នក ជិះពីក្រោយ រងរបួសស្រាល រីឯអ្នកបើកម៉ូតូសង់កូរ៉េរងរបួសស្រាលដែរ ។

អ្នកបើកម៉ូតូស្មាសវី រងរបួសធ្ងន់ មានឈ្មោះ ចិត្រ ភេទប្រុស អាយុ ៣០ឆ្នាំ និងអ្នកជិះពីក្រោយ ឈ្មោះ ផាន់ សារុន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងពិស ឃុំបសេដ្ឋ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រងរបួសស្រាល ។ អ្នកបើកម៉ូតូសង់កូរ៉េ មានឈ្មោះ ស៊ុន សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរកាល់ម៉ែត ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុក នៅខណ្ឌ ៧មករា រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close