លោក ប៊ុនថន សុខាណារិទ្ធ ៖ ភាពយន្តចល័តកម្ពុជា-ចិន បន្តដំណើរពង្រឹងចំណងមិត្តភាពបងប្អូន

Cambodia News/

ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ឆ្នាំ២០២៤ នៅតែមានសារៈសំខាន់ សម្រាប់ប្រជាជនកម្ពុជា នៅតាមបណ្តាខេត្ត ហើយបានចូលរួមចំណែកពង្រឹងចំណងមិត្តភាពបងប្អូនរវាងប្រទេសទាំងពីរ នេះបើតាមមន្ត្រីជំនាញវប្បធម៌ នៅមូលដ្ឋានផ្ទាល់។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ប្រាប់ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋាន ព្រោះដំណើរអាចក្លាយជាស្ពានលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ នៃប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកពង្រឹងចំណងមិត្តភាពបងប្អូនកម្ពុជា-ចិន។

បើតាម លោក ប៊ុនថន សុខាណារិទ្ធ បានឲ្យដឹងដែរថា អ្នកចូលរួមទស្សនាបានជក់ចិត្តនិងភាពយន្ត ហើយថែមទាំងបានសំណូមពរឲ្យមានការចាក់បញ្ចាំងភាពយន្តចិន ទៅដល់ភូមិផ្ទាល់តែម្តង និងផ្លាស់ប្តូរការចាក់ភាពយន្តឯកសារ ទាក់ទងនឹងវប្បធម៌ ទៀតផង។

«អ្វីដែលខ្ញុំចាប់អារម្មណ៍នៅមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង ពេលមានការចាក់បញ្ចាំង នៅវិមានឯករាជ្យ យើងមានភាពយន្តឯកសារដែលនិយាយពីការផលិត កុលាលភាជន៍ តាមបែបប្រពៃណី របស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្រុកនៅខាងភូមិអណ្តូងឬស្សីហើយមន្ត្រីជំនាញរបស់មន្ទីរយើងខ្ញុំ ក៏បានដឹកពួកគាត់មកទស្សនា ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ពួកគាត់បានសំណូមពរឲ្យ ក្រុមការងារ អាចលើកយកទាំងភាពយន្តចិន ទាំងភាពយន្តឯកសារក្តី យកទៅចាក់បញ្ចាំងនៅក្នុងភូមិ អណ្តូងឬស្សី ដែលជាភូមិរបស់ពួកគេ ហើយខ្ញុំបាទក្នុងនាមជាសេនាធិការ ឲ្យក្រសួង ក៏បានស្នើសុំគោលការណ៍ទៅអភិបាលខេត្ត ធ្វើយ៉ាងម៉េច ឲ្យភាពយន្តយន្តរបស់យើងបានទៅបញ្ចាំងនៅក្នុងមូលដ្ឋានភូមិនោះផ្ទាល់តែម្តង»។

គួរបញ្ជាក់ថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ បាននាំយកភាពយន្តចិនកម្ពុជាចាក់បញ្ចាំងជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងរយៈពេល ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែវិច្ឆិកា។ បន្ទាប់ពីខេត្តកំពង់ឆ្នាំង ក៏បន្តទៅតាមបណ្តាខេត្តផ្សេងៗទៀត។

ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៨ ត្រូវបានរៀបចំពិធីសម្ពោធបើកជាផ្លូវការ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close