រយៈពេល ៣ត្រីមាសដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន កើនដល់ប្រមាណ ៩,៨ពាន់លានដុល្លារ មានកំណើនប្រមាណ ១៣,២% 

Cambodia News/

ភ្នំពេញ៖ រយៈពេល ៣ត្រីមាសដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន បានកើនដល់ប្រមាណ ៩,៨ពាន់លានដុល្លារអាមេរិក មានកំណើនប្រមាណ ១៣,២%, ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣, ក្នុងនោះការនាំចេញពីកម្ពុជាទៅចិន មានទំហំប្រមាណ ១,២៧ពាន់លានដុល្លារអាមេរិក មានកំណើនប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣ ខណៈដែលការនាំចូលពីចិនមកកម្ពុជា ក្នុងរយៈពេលដូចគ្នា មានទំហំប្រមាណ ៨,៥២ពាន់លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ១២%។

ការលើកឡើងឲ្យដឹងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ២០២៤ និងពិធីសម្ពោធសមាគមទស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សណ្ឋាគារសូហ្វីតែល។

បន្ថែមលើទំហំពាណិជ្ជកម្ម, កម្ពុជាក៏បន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជានិងចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត, ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជាក់ស្តែង, កិច្ចប្រឹងប្រែងធ្វើទំនើបកម្មនីតិវិធីប្រតិបត្តិការគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ដូចជា ប្រព័ន្ធបញ្ជរតែមួយជាតិ ជាដើម បានចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងរហ័ស និងបានក្លាយជាចន្ទល់មួយថ្មីបន្ថែមទៀតសម្រាប់គាំទ្រកំណើន និងធានាដល់ភាពធន់នៃសេដ្ឋកិច្ច។ បច្ចេកវិទ្យាឌីជីថលទាំងនេះ បានជំរុញនវានុវត្តន៍ថ្មីៗ ដែលចូលរួមចំណែកបង្កើតតម្លៃបន្ថែម, បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ, ព្រមទាំងបានក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចសកលផងដែរ។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (e-invoicing system) នាពេលដ៏ខ្លីខាងមុខ ដែលការណ៍នេះ នឹងបង្កភាពកាន់តែងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

ជាងនេះទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសម្រាប់សេដ្ឋកិច្ចឌីជីថល, កម្ពុជានិងចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈក្រសួងពាណិជ្ជកម្ម, កម្ពុជាបានអនុវត្តគម្រោង Go4eCam ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា, ហើយកាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជាក៏បានចុះអនុស្សារណៈភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិកជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញ, ការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក, ការកសាងសមត្ថភាព និងបច្ចេកវិទ្យាឌីជីថល, និងការអភិវឌ្ឍវិស័យទេសចរណ៍ ផងដែរ ។

ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងទិដ្ឋភាពនៃការទូទាត់សងប្រាក់ឌីជីថល ថ្មីៗនេះ, ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវការទូទាត់សងប្រាក់ឆ្លងកាត់ព្រំដែន ដោយប្រើប្រាស់យ្យូអរកូដ ជាមួយក្រុមហ៊ុន Ant International តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់ឌីជីថលកម្ពុជា ហៅកាត់ថា «បាគង» ជាមួយនឹង «Alipay+» ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយទូទាត់សងប្រាក់ដ៏ពេញនិយមមួយរបស់ប្រជាជនចិន។ កិច្ចសហការនេះ នឹងសម្រួលច្រើនដល់ការបញ្ជាទិញ និងការទូទាត់របស់ប្រជាជន, ជាពិសេស សម្រាប់ភ្ញៀវទេសចររវាងប្រទេសទាំង ២, កម្ពុជា និងចិន៕

Related Articles

Back to top button
Close
Close