ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នឹងធ្វើបទបង្ហាញអំពីគម្រោងព្រែកជីកហ្វូណនតេជោ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញធ្វើបទបង្ហាញជូនសិស្ស និស្សិត សាស្ត្រាចារ្យ និងមហាជន អំពីគម្រោងព្រែកជីកហ្វូណនតេជោ នៅសាលាតិចណូ (ITC)។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ឧសភា ឱ្យដឹងថា ដើម្បីចូលរួមស្តាប់ និងសិក្សាឈ្វេងយល់កាន់តែច្បាស់អំពីគម្រោងព្រែកជីកហ្វូណនតេជោ សូមអញ្ជើញចុះឈ្មោះ អាស្រ័យដោយកន្លែងមានចំនួនកំណត់។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។
គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕