សម្ដេច​ធិបតី ​ហ៊ុន ​ម៉ាណែត ​ពន្យល់​ពី​អត្ថន័យ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ៤ដុល្លារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពន្យល់អំពីអត្ថន័យនៃការដំឡើងប្រាក់ឈ្នួល ៤ដុល្លារ ដល់​កម្មករ​ក្នុង​ឆ្នាំ២០២៤ ថាជាការដំឡើងក្នុងស្ថានភាពដែលពិភពលោកកំពុងតែលំបាកនិងគួរតែអបអរសាទរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ត​ថា ​​ការ​ដំឡើង​នេះ​គឺដើម្បីចែកគ្នារស់ទាំងនិយោជកនិងនិយោជិត ដោយ​ថា​ដើម្បី​រក្សា​​នូវ​លំ​នឹង​នូវ​ការវិនិយោគ​ក៏​ដូច​ជា​ទាក់​ទាញ​នូវ​ការវិនិយោគ​បន្ថែម។ ការដំឡើង​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ការ​ប្រកួត​ប្រជែង​ខណៈ​ដែល​ប្រទេស​ដែល​ប្រកួត​ប្រជែង​ទី​ផ្សារ​ជា​មួយ​កម្ពុជា​ប្រាក់​ខែ​របស់​កម្មករ​របស់​ពួក​គេ​គឺ​នៅ​ទាប​នៅ​ឡើយ។

សម្ដេចថា៖ «នេះគឺជាស្មារតីដែលយើងត្រូវរួមគ្នារស់តិចច្រើនយើងចែកគ្នារស់។ ថែរក្សា​ឆ្នាំង​បាយ​បង្កើន​អង្ករ​ក្នុង​ឆ្នាំង​និង​រក​ឱកាស​ដើម្បីពង្រីកបន្ថែមទៀតដើម្បីឲ្យមានការបើករោងចក្របន្ថែមទៀតដើម្បីបងប្អូនយើងមានការងារធ្វើ»។ សម្ដេច​បានអរគុណដល់និយោជិត និងកម្មករដែលបានចូលរួមក្នុងការដំឡើងប្រាក់ខែនេះ។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី ២០០ដុល្លារ ទៅ ២០៤​ដុល្លារ​ក្នុ​ង​មួយខែ។ ប្រាក់ឈ្នួលនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៤។ នេះបើតាម​លទ្ធផល​កិច្ច​ប្រជុំ​សម្រេច​ចុង​ក្រោយ​រវាង​ភាគី​ស​ហជីព និយោជក និងតំណាងរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕

 

Related Articles

Back to top button
Close
Close