ឯកឧត្តម ប៉ែន បូណា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន​

​សារព័ត៌មាន Cambodia News

ភ្នំពេញ៖ ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ ដែល​បាន​ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីក៏​ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។

ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖

ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែល​ជា​តួអង្គអ្នក​នយោបាយ​ដ៏ល្បីល្បាញ​មួយ​រូប​នៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។

ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌លដ៏ល្អសមសួន ព្រម​ទាំង​មាន​វ័យ​ក្មេង​ជាង​គេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។

ទី៣៖ សមត្ថភាព​និងភាពជឿជាក់លើខ្លួនឯង​គឺជាចន្ទល់ដ៏រឹងមាំ​ដែល​ធ្វើឲ្យសម្តេចធិបតី​អាច​បំពេញ​បេសកកម្មការ​ទូត​បាន​យ៉ាងល្អលើសពីការស្មានសូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។

ទី៤៖ មេដឹកនាំបន្តវេននិងវ័យ​ក្មេង​របស់កម្ពុជាក៏បានបង្ហាញឲ្យឃើញ​ពីសមត្ថភាពការទូតដ៏ចំណាន​ក្នុងកិច្ចចរចាជា​អន្ត​រ​ជាតិ​កម្រិត​ខ្ពស់​ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់និងពិភពលោក ក៏ដូចជាការទាញ​យក​ផល​ប្រយោជន៍ជូន​ជាតិ​មាតុភូមិនិងប្រជាជន។

ភាពទាក់ទាញទាំងនេះហើយដែលធ្វើឲ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជា​មេដឹកនាំផ្សេង​ទៀតដែល​អញ្ជើញមក​ចូល​រួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែង​ក្នុង​ជំនួបកំ​ពូល​អាស៊ាន មេដឹកនាំក្នុងតំបន់ទាំងអស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតីថ្លែងសុន្ទរកថាដល់ទៅ ១២លើក និងបន្ថែម​ដោយ​ជំនួប​ទ្វេ​ភាគី​ចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថភាពរបស់ប្រមុខដឹកនាំថ្មី វ័យក្មេង​ដែល​មាន​ឆន្ទៈ​ខ្ពស់​និង​ពោរពេញដោយភាពជឿជាក់លើខ្លួនឯងនោះឡើយ។

ចំណែកអ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ឬបណ្តាញសង្គមឯណេះវិញ ពួកគេក៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​តួអង្គអវតារថ្មីរបស់សម្តេចតេជោដែរ។ សម្រាប់​ជន​បរទេស​គឺ​ពួក​គេចង់​ឃើញមុ​ខ​មាត់និង​សមត្ថភាព​នាយករដ្ឋមន្ត្រី​ថ្មី​កម្ពុជា ខណៈ​ដែល​ពលរដ្ឋខ្មែរ​ចង់​តាម​ដាន​សកម្មភាព​មេដឹកនាំ​ថ្មី​របស់​ខ្លួន​ដែល​ទើប​តែចេញ​បំពេញ​បេសកកម្ម​លើក​ដំបូង​នៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បាន​ធ្វើឲ្យមោទ​នភាព​ជាតិ​ផុស​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​ចំណោមប្រជាពលរដ្ឋខ្មែរ។

តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិ​និងអន្តរជាតិ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពីសមត្ថភាព​និង​ភាព​ប៉ិន​ប្រសប់របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។

សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់កម្ពុជាដែលរះយ៉ាងចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និង​កំពុង​ឆក់​យក​បេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕ អត្ថបទ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

 

Related Articles

Back to top button
Close
Close