កម្ពុជានឹងប្តេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ តាមការឲ្យដឹងពីឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក សុខ ចិន្ដាសោភា បានបញ្ជាក់ដូច្នេះថា៖ «យើងនឹងធ្វើយ៉ាងណាឱ្យប្រទេសអាស៊ានដទៃទៀតទទួលសំណើនេះ ពីព្រោះគ្មានមូលហេតុណាដែលរារាំងឱ្យម៉ាល់ឌីវអាចចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រដ៏ខ្លាំងក្លាដល់ការស្នើរបស់ម៉ាល់ឌីវ ក្នុងនាមជារដ្ឋសង្កេតការណ៍របស់អាស៊ាន ហើយលោកសង្ឃឹមថានឹងសម្រេចបាននៅឆ្នាំនេះ។
បើតាមឯកឧត្តម សុខ ចិន្តាសោភា ថ្វីដ្បិតដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសម៉ាល់ឌីវនេះមានរយៈពេលខ្លី ប៉ុន្តែនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរំលឹកពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២ មានប្រទេសដែលមិនមែនជាសមាជិកអាស៊ានចំនួន០៧ប្រទេស ជាក់ស្តែងប្រទេសអ៊ុយក្រែនបានមកដល់កម្ពុជា ដើម្បីចុះហត្ថលេខាចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខណៈបច្ចុប្បន្នមានសមាជិកសរុបចំនួន ៥០ប្រទេសហើយ។
ប្រទេសទាំង៧ ដែលទើបតែក្លាយជាសមាជិកថ្មីនៃ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) រួមមានព្រះរាជាណាចក្រ-ដាណឺម៉ាក សាធារណរដ្ឋក្រិក ព្រះរាជាណាចក្រហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ អេស្ប៉ាញ និងអ៊ុយក្រែន៕