សម្តេចតេជោ ប្រាប់ពលរដ្ឋ «ឃុំព្រះដាក់» ឱ្យស្ងប់ចិត្តព្រោះគ្មានរុះរើលំនៅឋានឡេីយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។
ការចេញមុខបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រះដាក់ កាលពីម្សិលមិញនេះ បាននាំគ្នាធ្វើការតវ៉ា នៅមុខសាលាឃុំ អំពីការរុះរើលំនៅឋានរបស់ពួកគាត់ ឱ្យទៅរស់នៅភូមិធម្មជាតិរុនតាឯក។
សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំបានទាក់ទងទៅឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា និងអភិបាលខេត្តសៀមរាបផងដែរ ដើម្បីមើលបញ្ហានេះ ហើយដើម្បីជួបជុំនៅទីនោះជាមួយប្រជាពលរដ្ឋ ដើម្បីពន្យល់ ក៏ដូចជាយកសាររបស់ខ្ញុំប្រាប់ទៅពួកគាត់ថា យើងពិនិត្យទៅលើបញ្ហាបរិស្ថាន តើយើងត្រូវទម្លាក់ទឹកប៉ុន្មាន ហើយពេលដែលទម្លាក់ទឹកប៉ះពាល់ទៅដល់ប្រជាពលរដ្ឋអាស្រ័យផលប៉ុន្មាន ហើយយើងត្រូវដោះស្រាយយ៉ាងម៉េចចំពោះកន្លែងនោះ ដើម្បីឲ្យមានទឹកដើម្បីការពារប្រាសាទបេតិកភណ្ឌតែប៉ុណ្ណោះ៕