ទីតាំងល្បែងដ៏ធំមួយក្នុងសង្កាត់គោករការនាខណ្ឌព្រែកព្នៅ ប្រហែលមិនអាចលាក់បាំងបានទៀតនោះទេ

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ គេមិនអាចនឹងលាក់បាំងបានទៀតនោះទេ ចំពោះទីតាំងល្បែងដ៏ធំមួយកន្លែងនៅក្នុងសង្កាត់គោករការនាទឹកដីខណ្ឌព្រែកព្នៅដែលគេបានដឹងថា ទីតាំងល្បែងមួយនេះមានអ្នកឈរកាងមានខ្នងក្រាសគួរសម។
ប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងល្បែងដ៏សកម្មនិងមានប្រជាប្រិយភាពមួយនេះ ស្ថិតនៅជិតសាលាកូរ៉េ ទំនប់កប់ស្រូវ ខណដែលគេបើកឲ្យអ្នកចូលលេងល្បែងយ៉ាងអនាធិបតេយ្យ សំខាន់ល្បែងជល់មាន់ដែលមានទឹកលុយភ្នាល់រហូតដល់រាប់ម៉ឺនដុល្លារឯណោះ។ទន្ទឹមនោះក៏មានបើកឲ្យលេងល្បែងស៊ីសងមួយចំនួនទៀត តាមចំណង់ចំណូលចិត្តរបស់អ្នកញៀននឹងល្បែងដែលបានចូលទៅក្នុងនោះថែមទៀត។
ប្រជាពលរដ្ឋបន្ថែមថា ឃ្លាំងដ៏ធំសម្បើមមួយ ត្រូវបានថៅកែបនល្បែងយកធ្វើជាទីតាំងសម្រាប់លេងល្បែង ហើយមនុស្សម្នារាប់រយនាក់បានសម្រុកចូលទៅលេងនៅក្លឹបឬបនល្បែងមួយនេះ។ទន្ទឹមនោះប្រជាជនក៏មិនជឿផងដែរថា សមត្ថកិច្ចគ្រប់ស្ថាបន័មិនបានដឹងថាមានបនល្បែងនៅទីនោះ ព្រោះបនល្បែងដ៏ធំនេះមិនលាក់បាំងនាំឲ្យពិបាករកនោះទ្បើយ។
ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ម្តងម្កាលគេបានឃើញវត្តមានសមត្ថកិច្ចចូលទៅទីតាំងល្បែងមួយនេះផងដែរ តែមិនដឹងថាទៅពិនិត្យឬណែនាំឲ្យបញ្ឈប់នោះទេ គ្រាន់តែដឹងថាចូលទៅមួយសន្ទុះក៏ចេញមកវិញ ហើយបនល្បែងក៏នៅតែបន្តលេងដោយសុខសប្បាយជាធម្មតា។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអំពាវនាវដល់សមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីទៅអើតមើលផង៕

Related Articles

Back to top button
Close
Close