ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤
នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 4, 2022
ភ្នំពេញៈ នៅក្នុងពិធីអបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានចូលរួមជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយផ្អែកលើមុខងារសំខាន់ៗ។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា វិស័យសារព័ត៌មាន គឺជាអំណាចទី៤ នោះរួមមាន៖
ទី១.ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើមូលដ្ឋាននីតិរដ្ឋ
ទី២. ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័ស ពីលើទៅក្រោម និងពីក្រោមឡើងលើ
ទី៣. ជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង សម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូល សម្រាប់គោលនយោបាយ របស់រាជរដ្ឋាភិបាល
ទី៤. ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់
ទី៥. ជាអ្នកចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព ដែលជាថ្នាំពេទ្យដ៏ពិសិដ្ឋ បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺជាថ្នាំបំពុលសង្គមទៅវិញ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំ គំនិតស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេច ចិត្ត របស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស និងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែង របស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា អ្នកសារព័ត៌មាន ត្រូវកំណត់ចក្ខុវិស័យ ច្បាស់លាស់, ផែនការសកម្មភាពហ្មត់ចត់ និងរចនាសម្ព័ន្ធការងារសមស្រប រួមផ្សំជាមួយនឹងគុណភាព នៃព័ត៌មាន ដែលពិតត្រឹមត្រូវ និងលឿនរហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្លាំង នៃការប្រកួតប្រជែង ជាពិសេសភាពទាក់ទាញ ដែលអាចស្រូបយក ប្រជាប្រិយភាព និងទំនុកចិត្តរបស់ សាធារណជន៕ ដោយ ៖ ហេង នាង