នៅព្រឹកថ្ងៃស្អែកនេះ សម្ដេចតេជោ នឹងជួបជាមួយសិស្សប្រឡងជាប់និទ្ទេស A ជាង១៧០០នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 2, 2022/
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្របាក់ឌុប ដែលទទួលបាននិទ្ទេស A ជាង ១៧០០នាក់ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីខកខានកាលពីខែកុម្ភៈកន្លងទៅ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្រុងសហគមន៍។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្ដេចតេជោ បានប្រកាសថា សម្តេចនឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៣ ខែឧសភា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាលឡើងវិញ។
សូមបញ្ជាក់ថា សម្ដេចគ្រោងជួបសិស្សនិទ្ទេស A កាលថ្ងៃទី១៥ ខែមករា តែត្រូវលើកពេលវិញមកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តែដោយសារមានការរាតត្បាតនូវជំងឺកូវីដ-១៩ប្រភេទអូមីក្រុងខ្លាំងនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានពន្យារពេលមកដល់ពេលនេះ៕ ដោយ ៖ សហការី