កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងធ្វើឱ្យជីវភាពគ្រួសារក្រីក្រ មានភាពប្រសើរឡើង

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ យុវជន និងអាណាព្យាបាលនៃគ្រួសារក្រីក្រនិងងាយរងហានិភ័យ និងអាជ្ញាធរមូលដ្ឋានបានសម្តែងការពេញចិត្ត ជាខ្លាំងចំពោះ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក ដោយពួកគាត់ជឿជាក់ថា ក្រោយការរៀនចប់វគ្គបណ្តុះបណ្តាលដោយមិនគិតថ្លៃនេះហើយយុវជនគ្រួសារក្រីក្រនឹងមានជំនាញពិតប្រាកដមួយ និងអាចរកចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារទៀតផង។

មានមុខរបរជាអ្នករត់ម៉ូតូកង់បី និងជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោក អូន ផាន់ណា បាននិយាយថា ក្នុងមុខរបរជាអ្នករត់កង់បី និងកំពុងមានជំងឺផ្ទាល់ខ្លួនផងនោះ គាត់មិនមានលទ្ធភាពផ្គត់ផ្គង់កូនស្រីរៀនបន្តនៅមហាវិទ្យាល័យទេ ព្រោះលោកត្រូវផ្គត់ផ្គង់កូនតូចៗ ២នាក់ទៀតដែលកំពុងរៀនដែរនោះ។ លោកចង់ឱ្យកូនស្រី ដែលកំពុងរៀនថ្នាក់ទី១២ ចាប់យកជំនាញផ្នែកសំអាង និងសាឡនដែលរៀនឆាប់ចប់ និងឆាប់រកចំណូលបានសម្រាប់ខ្លួនឯង និងគ្រួសារ។ លោកមានចិត្តរីករាយជាខ្លាំងនៅពេលដឹងថា រាជរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញវគ្គខ្លីសម្រាប់គ្រួសារក្រីក្រអាចចូលរៀនដោយមិនគិតថ្លៃ និងថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលទៀត។ លោកថា កម្មវិធីបណ្តុះបណ្តាលនេះជាឱកាសល្អសម្រាប់យុវជនអាចយកពេលវេលារបស់ខ្លួនទៅរៀនជំនាញមួយពិតប្រាកដសម្រាប់ជីវិតប្រសើរជាងពួកគេទៅសេពគ្រឿងញៀន ឬប្រព្រឹត្តអំពើមិនល្អក្នុងសង្គម។

ដូចគ្នានេះអ្នកស្រី ឃន ចាន់ថន ជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និយាយដោយភាពរំភើបក្តុកក្តួលនៅពេលទទួលដំណឹងថា រាជរដ្ឋាភិបាលផ្តល់ឱកាសដល់យុវជនគ្រួសារក្រីក្រអាចចូលរៀនជំនាញពិតប្រាកដដោយមិនគិតថ្លៃព្រោះកន្លងមកអ្នកស្រីពិតជាចង់ឱ្យកូនស្រី និងកូនប្រុសទៅរៀនជំនាញមួយច្បាស់លាស់សម្រាប់កូន ប៉ុន្តែគ្រួសារអ្នកស្រីមិនមានលទ្ធភាពទេ។ អ្នកស្រីមានសង្ឃឹមថា នៅពេលកូនប្រុសដែលចង់រៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់ និងកូនស្រីចង់រៀនផ្នែកសាឡនបាន រៀនចប់ពួកគេនឹងអាចទទួលបានបទពិសោធន៍ថ្មីក្នុងសង្គម និងអាចរកប្រាក់ចំណូលសម្រាប់ខ្លួនឯង និងអាចផ្គត់ផ្គង់គ្រួសារបាន។

ចំណែកយុវជន ស្រី គីមហេង ជាប្រជាពលរដ្ឋកាន់បណ្ណសមធម៌រស់នៅក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដែលទើបប្រឡងបាក់ឌុបហើយនោះ ក៏ចង់ចូលរៀនជំនាញខ្លីជួសជុលគ្រឿងអេឡិចត្រូនិក និងទូរស័ព្ទវិញព្រោះជំនាញនេះកំពុងតម្រូវការក្នុងទីផ្សារ និងអាចរកចំណូលបានលឿនសម្រាប់ជួយសម្រាលបន្ទុកគ្រួសារ។ យុវជនរូបនេះសង្ឃឹមថាពេលមានជំនាញមួយពិតប្រាកដនឹងអាចជួយខ្លួនឯងផងជួយគ្រួសារផង និងជាធនធានមនុស្សល្អក្នុងសង្គមផងប្រសើរជាងចំណាយពេលទៅធ្វើរឿងអត់ប្រយោជន៍។ យុវជនរូបនេះអំពាវនាវដល់យុវជននៃគ្រួសារក្រីក្រផ្សេងទៀតដែលមិនទាន់មានមុខរបរ និងជំនាញពិតប្រាកដនៅឡើយទេគួរចំណាយពេលខ្លីចូលរៀនវគ្គជំនាញមួយច្បាស់លាស់តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញដោយមិនគិតថ្លៃនេះ។

ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោក ទុយ ឡេង ប្រធានក្រុមប្រឹក្សាសង្កាត់ទួលទំពូង២ បានសម្តែងការពេញចិត្ត ជាខ្លាំងចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់យុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យព្រោះនៅពេលដែលសមាជិកគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជំនាញមួយច្បាស់លាស់ និងមានការងារ រឺមុខរបរពិតប្រាកដនោះគឺមានន័យថាពួកគេនឹងអាចចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានរួមនិងអាចកាត់បន្ថយបញ្ហាក្មេងទំនើងក្នុងមូលដ្ឋានជាដើម។ លោកបញ្ជាក់ថាអាជ្ញាធរសង្កាត់នឹងចូលរួមផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសគ្រួសារដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យតែម្តង។

ដោយឡែក លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល និងអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំពោះការរៀបចំវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើនសម្រាប់យុវជនគ្រួសារក្រីក្រ និងងាយរងហានិភ័យអាចចូលរៀនដោយមិនគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត។ លោក ស្នើដល់អាណាព្យាបាលគ្រួសារក្រីក្រ និងងាយរងហានិភ័យសូមលើកទឹកចិត្តឱ្យកូនចៅចូលរៀនចាប់យកជំនាញសម្រាប់អនាគតរបស់ពួកគេព្រោះយុវជនម្នាក់ត្រូវតែមានជំនាញមួយពិតប្រាកដក្នុងជីវិត។

សូមបញ្ជាក់ថា អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គសិក្សាអាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh។ (http://www.tvet.gov.kh/) និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស៕

Related Articles

Back to top button
Close
Close