លោកជំទាវ ឱ វណ្ណឌីន ៖ ជំងឺកូវីដ១៩បំប្លែងថ្មីមួយចំនួនមិនទាន់ដឹងប្រភពមកពីណាច្បាស់នោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣ សីហា ២០២១) ៖ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវី១៩ បំប្លែងថ្មី «ដែលតា» អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នអ្នកឆ្លងវីរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភពឆ្លងមកពីខាងណានោះទេ ព្រោះថា Delta មានភាពចម្លងលឿន ដូច្នេះបុគ្គលគ្រប់រូបកុំចល័តទៅតំបន់ផ្សេងៗ ។
លោកជំទាវ វេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបែបនេះក្នុងឱកាសនាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
លោកជំទាវបានឲ្យដឹងថា រយៈពេល៥ខែ កម្ពុជារក ឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន២២៣នាក់ ក្នុងនោះស្ដ្រី១០៧នាក់ លោកជំទាវបន្តថា នៅលើពិភពលោកគឺមានការព្រួយបារម្ភជាខ្លាំងចំពោះប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ដោយសារស្ថានភាពរបស់វាមានភាពឆ្លងលឿន ។
លោកជំទាវបានបញ្ជាក់ថា បច្ចប្បន្ននៅកម្ពុជាប្រភេទ Delta ឆ្លងក្នុងសហគមន៍ជាដុំៗ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងជាប់ជានិច្ច ហើយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កុំចល័តពីតំបន់មួយទៅតំបន់មួយទៀត ក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ៕