Neil Armstrong អវកាសយានិកដែលបានជាន់ដីព្រះចន្ទមុនគេ ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ
លោក Neil Armstrong អវកាសយានិកអាមេរិក ដែលមានឈ្មោះល្បីសុះសាយពាសពេញពិភពលោក បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងវ័យ ៨២ឆ្នាំ ក្រោយពីបានទទួលការវះកាត់បេះដូង កាលពីដើមខែសីហានេះ។ លោក Armstrong ត្រូវគេស្គាល់ជាទូទៅថាជាមនុស្សដំបូងបំផុត ដែលបានឈានជើងជាន់ដីព្រះចន្ទ។
នៅខែកក្កដា ឆ្នាំ១៩៦៩ យានអវកាសឈ្មោះ Appollo 11 បញ្ជាដោយលោក Neil Armstrong រួមជាមួយនឹងសហការីពីររូបទៀត គឺ Buzz Aldrin និង Michael Collins បានហោះចេញពីរដ្ឋ Florida ឆ្ពោះទៅកាន់ព្រះចន្ទ ក្នុងដំណើរ ដែលត្រូវបានកត់ត្រាក្នុង ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។
ក្រោយពីចំណាយពេល ៤ថ្ងៃ ធ្វើដំណើរកាត់ទីអវកាស ក្នុងរយៈចម្ងាយប្រមាណ ៤០ម៉ឺនគីឡូម៉ែត្រ នៅថ្ងៃទី២០ កក្កដា ម៉ោង ១០ និង៥៦នាទីយប់ ម៉ោងនៅអាមេរិក (ត្រូវនឹងម៉ោង ១០ និង៥៦នាទី ព្រឹកថ្ងៃទី២១ នៅប្រទេសកម្ពុជា) លោក Neil Armstrong ក្នុងវ័យ ៣៨ឆ្នាំ បានឈានជើងចុះពីយាន ជាន់ដីព្រះចន្ទជាលើកដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយបានចំណាយពេល ២ម៉ោង និង៣២នាទី នៅលើព្រះចន្ទ។
លោក Neil Armstrong ត្រូវបានគេស្គាល់ថា ជាវរជនអាមេរិក និងជាអវកាសយានិកដ៏ល្បីល្បាញបំផុត នៅលើពិភពលោក ក៏ប៉ុន្តែ លោកគឺជាមនុស្សម្នាក់ ដែលចូលចិត្តរស់នៅដោយស្ងាត់ស្ងៀម។ មិនសូវបង្ហាញមុខជាសាធារណៈ។ មិនចូលចិត្តផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។ សូម្បីតែហត្ថលេខាក៏លោកមិនចង់ឲ្យទៅអ្នកណាដែរ ជាពិសេស ក្រោយពីដឹងថា ហត្ថលេខារបស់លោកត្រូវបានគេយកទៅលក់ដូរ ក្នុងតម្លៃខ្ពស់។
ក្រោយពីបានលាឈប់ពីការងារ នៅ NASA នៅឆ្នាំ១៩៧១ លោក Neil Armstrong បានចាប់យកអាជីពជាសាស្រ្តចារ្យវិស្វកម្ម នៅសកលវិទ្យាល័យ ហើយរស់នៅក្នុងជីវិតដ៏សាមញ្ញមួយ នៅក្នុងរដ្ឋ Ohio រហូតដល់ថ្ងៃលោកទទួលមរណភាព។
source Radio France International